គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រឆ្លងកាត់ទន្លេសាប និងទន្លេមេគង្គ នឹងបញ្ចប់នីតិវិធីនានានៅអំឡុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ ខណៈការជ្រើសរើសក្រុមហ៊ុនសាងសង់ នឹងត្រូវអនុម័តនៅចុងឆ្នាំ២០២៤ ខាងមុខនេះ។
ស្ពាននេះ មានតម្លៃជិត៣០០ លានដុល្លារអាមេរិកភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។
ស្ពាននេះធ្វើឡើងជាពីរ ដោយទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា មានប្រវែង ១,១៩ គីឡូម៉ែត្រ និង ស្ពានទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ ក្បែរសណ្ឋាគារសុខា ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ មានប្រវែង ១,១៨ គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គីឡូម៉ែត្រ៕









