ប្រទេសចិន ៖ ពលរដ្ឋអាមេរិកជាច្រើននាក់បានចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីផលិតនៅប្រទេសចិន ពីព្រោះវាមានតម្លៃធូរថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់មានភាពងាយស្រួលគ្រប់បែបយ៉ាង ។ ពួកគេបានកុម្ម៉ង់ទិញវាតាមកម្មវិធីលក់អនឡាញផ្សេងៗរបស់ក្រុមហ៊ុនចិន និងស្នើឱ្យក្រុមហ៊ុនកែច្នៃតាមតម្រូវការផងដែរ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ។
អ្នកនាង Wu Bo គឺជា Blogger ជនជាតិចិនបានចែកចាយវីដេអូមួយបង្ហាញពីការពេញនិយមប្រើប្រាស់ម៉ូតូកង់បីអគ្គិសនីនៅអាមេរិក ។ អ្នកនាង Wu Bo បានរស់នៅទីក្រុងប៉េកាំង និងរៀបការជាមួយបុរសជនជាតិអាមេរិក ។ ស្វាមីជនជាតិអាមេរិករបស់នាង បានឃើញម៉ូតូកង់បីអគ្គិសនីរបស់អាជីវករលក់បន្លែនៅផ្សារចិន ទើបគាត់ចង់ឱ្យភរិយាកុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនីនាំចេញទៅលក់នៅអាមេរិក ។
ក្រុមគ្រួសាររបស់អ្នកនាង Wu Bo បានយកម៉ូតូទៅកែច្នៃ និងប្រើប្រាស់ រហូតធ្វើឱ្យមនុស្សជាច្រើននាក់ចាប់អារម្មណ៍ម៉ូតូកង់បីអគ្គិសនីនេះ ហើយវាក៏បានល្បីល្បាញក្នុងបណ្តាញសង្គមចិន ។ Li Hui គឺជាមិត្តភក្តិរបស់អ្នកនាង Wu Bo និយាយថា មិត្តរបស់នាងនៅអាមេរិកជាច្រើននាក់ចាប់អារម្មណ៍កុម្ម៉ង់ទិញម៉ូតូកង់បីអគ្គិសនី ពីព្រោះវាងាយស្រួលប្រើប្រាស់ និងមានតម្លៃធូរថ្លៃ ។
ម៉ូតូកង់បីអគ្គិសនីត្រូវបានផលិតឡើងនៅសួនឧស្សាហកម្មនៅតំបន់ស៊ីឆាន ទីក្រុងអ៊ូស៊ី ខេត្តជៀងស៊ូ ហើយផ្នែកផលិតបានត្រៀមបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់អាមេរិក ។ Wang Qing នាយកផ្នែកលក់ E-commerce របស់ក្រុមហ៊ុននិយាយថា ក្រុមហ៊ុននឹងបញ្ជូនម៉ូតូកង់បីអគ្គិសនីទៅកាន់កំពង់ផែទីក្រុងឈីងតៅ ដើម្បីនាំចេញទៅលក់នៅអាមេរិក ។
Ni Xiaofeng នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផលិតម៉ូតូកង់បីអគ្គិសនីប្រាប់ថា មានអតិថិជនអាមេរិកបានកុម្ម៉ង់ទិញវាតាមរយៈកម្មវិធីលក់អនឡាញផ្សេងៗ ចាប់តាំងពីដើមឆ្នាំ២០២៤ ហើយពួកគេបានសុំឱ្យក្រុមហ៊ុនកែច្នៃម៉ូតូកង់បីអគ្គិសនីតាមតម្រូវការរបស់ខ្លួន ។ ក្រៅពីអាមេរិក ក្រុមហ៊ុនក៏បាននាំចេញម៉ូតូកង់បីអគ្គិសនីទៅកាន់៧០ប្រទេសនៅលើពិភពលោក ។
ក្រុមហ៊ុនអភិវឌ្ឍន៍ម៉ូតូកង់បីអគ្គិសនីបានបង្កើតក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីសិក្សាពីស្ថានភាពផ្លូវ និងឥរិយាបទការបើកបរក្នុងទីផ្សារប្រទេសគោលដៅនីមួយៗ ។ Shen Yu លេខាសមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិប្រចាំតំបន់ស៊ីសាន និយាយថា នៅតំបន់ស៊ីសាន មានក្រុមហ៊ុននាំចេញយានយន្តអគ្គិសនីជាង១៦០ក្រុមហ៊ុន ទៅកាន់ប្រទេសចំនួន១៤០ ។
នៅឆ្នាំ២០២៤ សមាគមពាណិជ្ជកម្មយានយន្តអគ្គិសនីអន្តរជាតិនឹងលើកទឹកចិត្តឱ្យក្រុមហ៊ុននានាចូលរួមការតាំងពិព័រណ៍រថយន្តអគ្គិសនីអន្តរជាតិដើម្បីចាប់ដៃគូ និងពង្រីកទីផ្សារបន្ថែមទៀត ៕










