ប្រទេសជប៉ុន ៖ វាបានក្លាយជាករណីមួយធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងនៅប្រទេសជប៉ុន ពេលអ្នកនាង Carolina Shiino ជាតារាម៉ូដែល វ័យ២៦ឆ្នាំ ដែលជាជនជាតិអ៊ុយក្រែនតាំងពីកំណើត បានគ្រប់គ្រងមកុដ Miss Japan 2024 ក្នុងពិធីប្រកួតបវរកញ្ញា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ។ មហាជនមួយចំនួនបានសាកសួរពីភាពសមស្របដែលនាងទទួលបានតំណែងលើកនេះ ។
អ្នកនាង Carolina Shiino បានកើតនៅប្រទេសអ៊ុយក្រែន ប៉ុន្តែនាងបានមករស់នៅប្រទេសជប៉ុនតាំងពីអាយុ៥ឆ្នាំ ។ នាងបានធំពេញវ័យនៅទីក្រុង Nagoya ហើយបានក្លាយជាពលរដ្ឋជប៉ុនពេញសិទ្ធ តាមរយៈការផ្លាស់ប្តូរសញ្ជាតិរបស់ខ្លួន ។ នាងជាអ្នកប្តូរសញ្ជាតិដំបូងគេដែលអាចដណ្តើមមកុដបវរកញ្ញាជប៉ុន ឬ Miss Japan ក្នុងពិធីប្រកួតបវរកញ្ញានៅប្រទេសជប៉ុន ប៉ុន្តែភាពជោគជ័យរបស់នាងបែរជាមានការបង្កើតសំណួរ និងការរិះគន់យ៉ាងច្រើនក្នុងសង្គមជប៉ុន ។
បើទោះជាពលរដ្ឋជប៉ុនមួយចំនួនទទួលស្គាល់ថា ការឈ្នះមកុដរបស់អ្នកនាង Carolina Shiino គឺជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរយុគសម័យក្តី ប៉ុន្តែពលរដ្ឋជប៉ុនជាច្រើននាក់ទៀតប្រកែកថា នាងមិនមែនជាបវរកញ្ញាជប៉ុនទេ ។ កាលពី១០ឆ្នាំមុន អ្នកនាង Ariana Miyamoto គឺជាកូនកាត់ជប៉ុនដំបូងគេ ដែលបានបង្កើតប្រវត្តិសាស្ត្រឈ្នះមកុដបវរកញ្ញាជប៉ុន នៅឆ្នាំ២០១៥ ។ អ្នកនាង Ariana Miyamoto មានម្តាយជាជនជាតិជប៉ុន ហើយឪពុកជាកូនកាត់អាមេរិក និងអាហ្វ្រិក បានធ្វើឱ្យមហាជនសួរម្តងហើយថា តើវាសមរម្យដែរឬទេ ដែលជប៉ុនសម្រេចឱ្យកូនកាត់ឈ្នះការប្រកួត?
ប៉ុន្តែនៅឆ្នាំ២០២៤ នេះ មកុដបរវរកញ្ញាប្រទេសជប៉ុនបានធ្លាក់ទៅលើអ្នកនាង Carolina Shiino ដែលឪពុក-ម្តាយរបស់នាង មិនមែនជាជនជាតិជប៉ុន ។ ហេតុនេះ វាកាន់តែធ្វើឱ្យមហាជនរិះគន់កាន់តែខ្លាំងក្លាថែមទៀត ។
អ្នកប្រើប្រាស់បណ្តាញសង្គម X ម្នាក់សួរថា អ្នកទទួលបានការតែងតាំងជាបវរកញ្ញាជប៉ុន នាងមិនមែនជាកូនកាត់ជប៉ុនទេ ប៉ុន្តែនាងជាជនជាតិអ៊ុយក្រែន១០០% ។ បើទោះជានាងមានរូបសម្បត្តិស្អាតក្តី ប៉ុន្តែនេះជាវេទិកា Miss Japan ហើយនារីអ៊ុយក្រែននេះគ្មានសញ្ជាតិជប៉ុនពីកំណើតទេ ។ រីឯអ្នកលេងបណ្តាញសង្គមម្នាក់ទៀតប្រាប់ថា បើនាងជាកូនកាត់ជប៉ុន គឺពិតជាគ្មានបញ្ហាទេ តែជនជាតិជប៉ុនរបស់នាងស្មើ០% ថែមទាំងមិនបានកើតនៅជប៉ុនទៀត ។
ជាមួយគ្នានេះ មនុស្សខ្លះសួរថា ការជ្រើសរើសបវរកញ្ញាជនជាតិអ៊ុយក្រែនពីកំណើតម្នាក់នេះឱ្យឈ្នះការប្រកួតនៅប្រទេសជប៉ុន តើអាចបណ្តាលមកពីការជំរុញផ្នែកនយោបាយដែរឬអត់? ព្រោះអ្នកខ្លះជឿថា បើនាងកើតនៅប្រទេសរុស្ស៊ី នាងនឹងគ្មានឱកាសឈ្នះទេ ។ នេះបង្ហាញយ៉ាងច្បាស់ថា ការសម្រេចចិត្តនេះពាក់ព័ន្ធនឹងផ្នែកនយោបាយ ហើយវាគួរឱ្យសោកស្តាយសម្រាប់ជប៉ុន ។
ចំណែកអ្នករៀបចំការប្រកួត Miss Japan 2024 បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន BBC ថា គណៈកម្មការបានសម្រេចចិត្តជ្រើសយកអ្នកនាង Carolina Shiino ដោយសារនាងមានទំនុកចិត្តលើខ្លួនឯង១០០% ។
អ្នកនាង Carolina Shiino បានសរសេរតាម Instagram កាលពីដើមឆ្នាំ២០២៣ ពេលនាងទទួលបានសញ្ជាតិជប៉ុនថ្មីៗថា នាងអាចមើលទៅមិនដូចជនជាតិជប៉ុន តែបេះដូងរបស់នាងបានក្លាយជាជនជាតិជប៉ុនរួចហើយ ព្រោះនាងបានធំឡើងនៅទីនេះ ។
នាងថែមទាំងនិយាយក្រោយពីទទួលបានមកុដ Miss Japan 2024 ថា ការទទួលបានជ័យជម្នះលើវេទិកានេះ វាជាក្តីសុបិនរបស់នាង ព្រោះបង្ហាញថា គេទទួលស្គាល់នាងថា នាងជាជនជាតិជប៉ុនក្នុងការប្រកួតលើកនេះ ។ ដូច្នេះ វាធ្វើឱ្យនាងដឹងគុណខ្លាំងណាស់ ៕










