តើរូបសំណាកលោកយាយម៉ូ នៅខេត្តស៊ីសាកេត មានប្រវត្តិបែបណាខ្លះ បានជាជនជាតិថៃខំប្រឹងផ្សាយដោយបានចោទមកខ្មែរថា លោកយាយម៉ូ មានស្រុកកំណើតនៅស្រុកខ្មែរទៅវិញ? ជីវប្រវត្តិលោកយាយម៉ូ បានបង្កើតឱ្យមានការជជែកវែកញែកមិនដែលខានឡើយនៅលើបណ្តាញសង្គមថៃ ដែលតែងតែផ្សាយចោទមកកម្ពុជា ទាំងដែលកម្ពុជាមិនបានដឹងសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge1-l6VhbsDtfYTGzvHXL_k1CN1EdUKEFs6eq6lC_YTklbcy_xbMDDp53qUJIFBHOH2y5amY9_wMspG33cXtcbnk-6QCP4mQnxc_9QS-9PZyZQh4mrqCXcy-x8iRTg2nLeMMk6Ck2JMOleSMHg9TIGfPXuuEEk-_EK6iSF0I8jldRV9RgUmsyWeUQlWPA/s1140/photo_2024-01-23_15-29-06.jpg

ធម្មតា ជាបុព្វបុរសតែងមានប្រវត្តិ ឬយ៉ាងហោចមានរូបសំណាកនៅសេសសល់មិនខាន ដូចជារូបតាដំបងគ្រញូង លោកតាក្រហមករ លោកតាឃ្លាំងមឿង លោកយាយម៉ៅ លោកយាយទេព ។ល។ និង។ល។ មិនខ្វះអ្នកគោរពស្រឡាញ់ ថ្វាយឡើយ ហើយប្រជាជនកម្ពុជាមិនដែលភ្លេចការថ្វាយបង្គំ និងគោរពតាមទំនៀមឡើយ ។ ថ្មីៗនេះ នៅលើបណ្តាញសង្គមថៃបានចោទមកខ្មែរ និងបានរិះគន់មកថា លោកយាយម៉ូ មានស្រុកកំណើតនៅប្រទេសខ្មែរ តាំងពីសតវត្សទី១៨ មកម្ល៉េះ ។

ដើម្បីស្រាយចម្ងល់របស់មហាជនពីសាវតាប្រវត្តិលោកយាយម៉ូ សារព័ត៌មាន KBN NEWS សូមសង្ខេប និងបកប្រែពីសាវតារបស់លោកយាយម៉ូ មានដូចខាងក្រោមនេះ ៖

យោងតាមឯកសារបង្ហាញថា លោកស្រី ថាវសុណារី ឬលោកស្រី ម៉ូ ដែលពលរដ្ឋថៃនិយមហៅថា «លោកយាយម៉ូ» គឺជាជនល្បីល្បាញម្នាក់នៅក្នុងប្រវត្តិសាស្ត្រប្រទេសថៃ ។ លោកស្រី ម៉ូ មានឋានៈជាវីរៈនារីម្នាក់ ដែលបានជួយរំដោះខេត្តនគរាជសីម៉ា ពីកងទ័ពរបស់ព្រះចៅ អនុវង្ស ជាព្រះមហាក្សត្រលាវគ្រប់គ្រងនៅទីក្រុងវៀងចន្ទន៍ កាលពីឆ្នាំ១៨២៦ ។

លោកស្រី ម៉ូ បានកើតនៅឆ្នាំ១៧៧១ ក្នុងខេត្តនគរាជសីម៉ា ។ លោកស្រីមានផ្ទះនៅទល់មុខវត្តព្រះនរាយ មហារ៉ាជ (ឬវត្តក្លាងណាខន) ស្ថិតនៅទិសខាងត្បូងនៃទីរួមខេត្តនគរាជសីមា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLV_iwAGZBV8RqTKn6iVvmhvCkW1qcr-n8QFsHXMEFp3jY3WgkVvrvcUBOAsHlodXDhima5ruaIZ3VMvuVTH-7J8Y0i7c0KUKB8WQl2AW7JcPDVTWq4naN2CTJPPI4iANXq-u5oahIOw2KGbKeo-KbiApOI_6tnycz06XY636Cfybu9oZndCW61OoR3I/s1200/photo_2024-01-23_15-29-05.jpg

លោកស្រី ម៉ូ ចូលចិត្តហាត់គុនដាវតាំងពីនៅក្មេងមកម៉្លេះ ដោយលោកស្រី គឺជាកូនស្រីរបស់លោក គីម និងអ្នកស្រី បុនម៉ា ។ លោកស្រីមានប្អូនប្រុសម្នាក់ឈ្មោះ ជុក និងមានបងស្រីម្នាក់ឈ្មោះ ពេណាផុន ហើយបងស្រីរបស់លោកស្រី ម៉ូ មិនយកស្វាមីទេ ។ ហេតុនេះ បងស្រីរបស់លោកស្រី ម៉ូ បានរស់នៅជាមួយប្អូនស្រី រហូតដល់ស្លាប់ ។

នៅឆ្នាំ១៧៩៦ គឺនៅពេលលោកស្រី ម៉ូ អាយុ២៥ឆ្នាំ លោកស្រីបានរៀបការជាមួយលោក ថងខាំខាវ ដែលធ្វើការនៅនាយកដ្ឋានផ្នែកនយោបាយប្រចាំខេត្តនគរាជសីម៉ា ។ ក្រោយមក លោក ថងខាំខាវ ក៏បានឡើងឋានៈជា «ព្រះភក្តី សុរិយៈឌេត» ទើបលោកស្រី ម៉ូ ឡើងឋានៈជា «លោកយាយម៉ូ» ។

អ្នកស្រុករស់នៅខេត្តនគរាជសីម៉ា បានហៅលោកទាំងពីរថា «ព្រះយាបាឡាត់ ថងខាំ» និង «លោកស្រី ម៉ូ» ។ អ្នកទាំងពីរនាក់គ្មានកូនចៅបន្តវង្សត្រកូលទេ ហើយមានអ្នកស្រុកជាច្រើននាក់បានមកសុំធ្វើជាកូនចៅ និងធ្វើការងារឱ្យយាយម៉ូ ។ ហេតុនេះ វាគឺជាកម្លាំងចិត្តមួយដែលជំរុញឱ្យយាយម៉ូ សម្រេចជោគជ័យគ្រប់ការងារទាំងអស់ ។ រីឯកូនចៅសំខាន់ម្នាក់ដែលបានតស៊ូជាមួយយាយម៉ូ ដើម្បីរំដោះខេត្តនគរាជសីម៉ា ពីកងទ័ពរបស់ស្តេចលាវ ព្រះចៅ អនុវង្ស គឺនាងបុនលឿ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4AI8GGqT1fjbW-kVhsr5Nb9U1-4N-5C18qJeNjQJA5vWfFz6EYxlf8Dxnaj3XUIQxfV9oKthy8MVicusrKcn8VG9XamE-FakZTnmJI1UnA53NrwDc1ya2stNOPZPm4DeqyaQpjvGcsqESo5n28qVvhdod5r0hTsvnHh9ld27En2u1W0f2gw1mGa3aRtU/s848/photo_2024-01-23_15-29-04.jpg

យាយម៉ូ គឺជាមនុស្សមានប្រាជ្ញាឆ្លាតវៃម្នាក់ ហើយយាយម៉ូ មានជំនាញជិះដំរី និងជិះសេះ ។ យាយម៉ូ មានសេះជាទីស្រឡាញ់របស់ខ្លួន១ក្បាល គឺពណ៌ខ្មៅ ។ យាយតែងតែនាំអ្នកស្រុកជាកូនចៅទៅធ្វើបុណ្យនៅវត្តមួយឈ្មោះ «ស្រះកែវ» ជាប្រចាំ ។ យាយម៉ូ បានចែកឋាននៅខែមេសា ឆ្នាំ១៨៥២ គឺពេលយាយអាយុ៨១ឆ្នាំ ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៨២៦ ព្រះចៅ អនុវង្ស ជាស្តេចឡាវគ្រប់គ្រងនៅទីក្រុងវៀងចន្ទន៍ បានបះបោរប្រឆាំងនឹងទីក្រុងបាងកក ហើយស្តេចអង្គនេះក៏លើកទ័ពមកវាយដណ្តើមយកខេត្តនគរាជសីម៉ា ពីប្រទេសសៀម ។ ស្តេចឡាវអង្គនេះបានបណ្តេញអ្នកស្រុករស់នៅខេត្តនគរាជសីម៉ា ឱ្យចេញពីខេត្តជាបន្តបន្ទាប់ ។

ពេលនោះ យាយម៉ូ និងនាងបុនលឿ បានដើរប្រមូលកម្លាំងបុរស និងនារីរស់នៅខេត្តនគរាជសីម៉ា ដែលត្រូវគេចាប់យកធ្វើជាឈ្លើយសឹកមកតស៊ូរំដោះទឹកដី និងសម្លាប់កងទ័ពឡាវអស់ជាច្រើននាក់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ១៨២៦ ។ ហេតុនេះ ជ័យជម្នះលើកនេះបានធ្វើឱ្យប្រទេសសៀមអាចដណ្តើមយកខេត្តនគរាជសីម៉ា ត្រឡប់មកវិញបាន ។

យាយម៉ូ គឺជាពលរដ្ឋម្នាក់ដែលបានតស៊ូ និងហ៊ានលះបង់ជីវិតដើម្បីឱ្យប្រទេសជាតិរួចផុតពីទុក្ខភ័យ និងមានសុវត្ថិភាព ។ ហេតុនេះ ទើបប្រទេសថៃសាងសង់រូបសំណាកយាយម៉ូ ដើម្បីទុកឱ្យក្មេងជំនាន់ក្រោយគោរព និងដឹងគុណលោកយាយ ដោយសារលោកយាយគឺជាពលរដ្ឋដ៏ល្អ និងជាពលរដ្ឋគំរូម្នាក់ ដែលមានភក្តីភាពចំពោះប្រទេសជាតិ ព្រមទាំងស្គាល់ពីតួនាទីរបស់ខ្លួន ។ បច្ចុប្បន្ន ពលរដ្ឋថៃមានជំនឿទៅលើលោកយាយ ហើយពួកគេតែងតែបន់ស្រន់នៅមុខរូបសំណាកលោកយាយ ដើម្បីទទួលបានជោគជ័យលើការងារ ឬសម្រេចបំណងប្រាថ្នារៀងៗខ្លួន ៕