បរទេស៖ អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមួយដែលកាន់សាសនាអ៊ីស្លាមដ៏តឹងរឹង ការបើកហាងស្រាដំបូងរបស់ខ្លួននៅក្នុងទីក្រុងរីយ៉ាដ គឺផ្តល់ជូនតែអ្នកការទូត និងជនបរទេសណាដែលមិនមែនជាមូស្លីមប៉ុណ្ណោះ។
យោងតាម BBC កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចុះផ្សាយថា ហាងភេសជ្ជៈដែលមានជាតិអាល់កុលដំបូងបង្អស់របស់អារ៉ាប៊ីសាអូឌីតនឹងបើកនៅក្នុងតំបន់ Diplomatic Corps នៃរដ្ឋធានី Riyadh ដែលជាផ្នែកមួយនៃផែនការ Vision ២០៣០ ដើម្បីកសាងសេដ្ឋកិច្ចបន្ថែម។ ប្រភពដដែលបានឱ្យដឹងទៀតថា ហាងស្រានេះនឹងបើក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
ដូច្នេះ មុននឹងអាចទិញគ្រឿងស្រវឹងក្នុងបរិមាណមានកំណត់រៀងរាល់ខែ អតិថិជនត្រូវតែចុះឈ្មោះជាសមាជិកតាមរយៈកម្មវិធីទូរស័ព្ទ និងទទួលបានលេខកូដបញ្ជាក់ពីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត ក៏ដូចជាមានអាជ្ញាប័ណ្ណត្រឹមត្រូវទើបអតិថិជនអាចទិញគ្រឿងស្រវឹងនៅទីនេះបាន។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា អតិថិជនដែលចង់ផឹកស្រាត្រូវតែមានអាយុ ២១ ឆ្នាំឡើង ហើយសម្រាប់ការថតរូបនៅក្នុងហាងគឺត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង រីឯការស្លៀកពាក់វិញក៏ត្រូវបានគេពិនិត្យយ៉ាងល្អិតល្អន់ផងដែរ។
មន្ត្រីអារ៉ាប៊ីសាអូឌីតបាននិយាយថាហាងនេះជាដំណោះស្រាយចំពោះបញ្ហា«ការជួញដូរគ្រឿងស្រវឹងខុសច្បាប់»។ អស់រយៈពេលជាច្រើនឆ្នាំ អ្នកការទូតដែលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតអាចកាន់តែគ្រឿងស្រវឹងនៅក្នុងថង់ការទូតបិទជិតប៉ុណ្ណោះ។
អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលបានអនុវត្តច្បាប់គ្រឿងស្រវឹងយ៉ាងតឹងរឹងបំផុតចាប់តាំងពីឆ្នាំ ១៩៥២ មកបម្លេះបន្ទាប់ពីកូនប្រុសរបស់ស្តេច Abdulaziz ស្រវឹងហើយបានបាញ់សម្លាប់អ្នកការទូតអង់គ្លេសម្នាក់។ ហេតុនេះហើយ អ្នកដែលបំពានលើការហាមប្រាមគ្រឿងស្រវឹងអាចត្រូវបានពិន័យ និរទេស ឬដាក់គុក។
គួរបញ្ជាក់ដែរថា ហាងស្រាដំបូងនេះនឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់អារ៉ាប៊ីសាអូឌីតក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការបើកវិស័យទេសចរណ៍ និងអាជីវកម្មដែលដឹកនាំដោយព្រះអង្គម្ចាស់ Mohammed bin Salman ។ អារ៉ាប៊ីសាអូឌីត បានបន្ធូរបន្ថយច្បាប់សង្គមដ៏តឹងរ៉ឹងរបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយអនុញ្ញាតឱ្យមានការធ្វើដំណើរមិនប្រកាន់សាសនា ការប្រគុំតន្ត្រី ការបើករោងកុន និងអនុញ្ញាតឱ្យស្ត្រីបើកបរ។ ផែនការ Vision ២០៣០ ក៏ផ្តោតលើការអភិវឌ្ឍន៍ឧស្សាហកម្ម និងមជ្ឈមណ្ឌលភ័ស្តុភារក្នុងស្រុកផងដែរ៕










