ប្រទេសចិន ៖ សាលារៀនពេលយប់កាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងឡើងពីសំណាក់យុវវ័យចិន ហើយមូលហេតុចម្បងមួយដែលធ្វើឱ្យពួកគេពេញនិយមនោះ ដោយសារតម្លៃសិក្សាធូរថ្លៃ គឺត្រឹមតែ៥០យាន់ (ឬស្មើប្រមាណ២ម៉ឺន៥ពាន់រៀល) ប៉ុណ្ណោះក្នុង១វគ្គ ។ និស្សិតមករៀននៅសាលារៀនពេលយប់ ពួកគេបានរៀនសូត្រអំពីបច្ចេកទេស Bartender, ការរៀបចំផ្កា, វិធីឆុងកាហ្វេ និងរៀនពីសិប្បកម្មផ្នែកបេតិកភណ្ឌវប្បធម៌អរូបិ ។
តម្លៃសិក្សាសម្រាប់វគ្គសិក្សារយៈពេល១០ម៉ោង គឺស្មើប្រមាណ៥០០យាន់ ហើយវាជាតម្លៃទូទៅសម្រាប់សាលារៀនពេលយប់នៅទីក្រុងប៉េកាំង ។ ជាក់ស្តែង គ្រូបង្រៀនម្នាក់ឈ្មោះ តូជឺ បង្រៀននៅសាលារៀនពេលយប់មួយកន្លែងឈ្មោះ «តាវ៉ានភៀនអ៊ី» លើកឡើងថា ចាប់តាំងពីបើកវគ្គបណ្តុះបណ្តាលនិស្សិត កាលពីដើមខែធ្នូ ឆ្នាំ២០២៣ ឃើញថា ចំនួនមុខវិជ្ជាសិក្សាបានកើនឡើងរហូតដល់៦០មុខវិជ្ជានាពេលបច្ចុប្បន្ន ខណៈពេលមុន មុខវិជ្ជាសិក្សាមានចំនួនតិចតួចប៉ុណ្ណោះ ។
គ្រូបង្រៀនរូបនេះបន្តថា និស្សិតទាំងឡាយបានសិក្សាអំពីការសរសេរអក្សរ, ការរាំរបាំ, គូរគំនូរ, វិធីឆុងកាហ្វេ, Bartender, ផ្នែកសិប្បកម្មបេតិកភណ្ឌវប្បធម៌អរូបិ, កីឡា និងជំនាញនិយាយ ជាដើម ។ និស្សិតភាគច្រើនដែលមកសិក្សានៅទីនេះ គឺជាយុវវ័យមានអាយុចាប់ពី២៣ឆ្នាំ ដល់៣៥ឆ្នាំ ។
ហេតុអ្វីបានជាយុវវ័យចិនមកចុះឈ្មោះចូលរៀននៅសាលារៀនពេលយប់កាន់តែច្រើន? គ្រូបង្រៀនឈ្មោះ តូជឺ បង្រៀននៅសាលារៀន «តាវ៉ានភៀនអ៊ី» ក្នុងទីក្រុងប៉េកាំង និយាយថា សាលារៀនពេលយប់មានវគ្គសិក្សាជាក់ស្តែងជាច្រើន ដូចជា ៖ ការផាត់មុខ, ថតរូបដោយទូរស័ព្ទដៃ និងហែលទឹក ។ វាជាការបង្រៀនពីបច្ចេកទេស ហើយនិស្សិតអាចអនុវត្តមុខវិជ្ជាទាំងនេះក្នុងជីវិតប្រចាំថ្ងៃ ។
រីឯមូលហេតុមួយទៀត គឺយុវវ័យចិនមិនបានគិតពីរាងកាយអស់កម្លាំងទេ ហើយពេលចេញពីធ្វើការ ពួកគេបានមកចូលរៀននៅសាលាពេលយប់ទៀតដើម្បីបន្ថែមជំនាញក្នុងជីវិត និងកាត់បន្ថយសម្ពាធពីការងារ ។ កម្មវិធីសិក្សាពេញនិយមនៅសាលារៀនពេលយប់ មានដូចជា ៖ ការតុបតែងមុខ, សន្ទនាភាសាអង់គ្លេស, ការលេង Tennis និង Bartender ខណៈតម្លៃសិក្សាលើមុខវិជ្ជាទាំងនេះថោកខ្លាំង ហើយសាលាមិនទាមទារលក្ខខណ្ឌច្រើនទេក្នុងការចុះឈ្មោះចូលរៀន ។ នេះជាមូលហេតុសំខាន់ដែលធ្វើឱ្យយុវវ័យចង់សាកល្បងនូវអ្វីថ្មីៗ ។
តាំងពីពាក់កណ្តាលឆ្នាំ២០២៣ រហូតមកដល់ដើមឆ្នាំ២០២៤ សាលារៀនពេលយប់បានបង្ហាញខ្លួននៅប្រទេសចិនម្តងទៀត ក្រោយពីពេលវេលាកន្លងផុតទៅអស់៣០ឆ្នាំ ។ បើគេក្រឡេកទៅមើលចុងសតវត្សទី២០ ឃើញថា ដោយសារតម្រូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បានធ្វើឱ្យសាលារៀនពេលយប់ចាប់ផ្តើមបើកវគ្គសិក្សានៅតាមទីក្រុងផ្សេងៗក្នុងប្រទេសចិន ។
ទោះយ៉ាងណា សម្រាប់ពលរដ្ឋចិននៅសម័យបច្ចុប្បន្ននេះ ពួកគេបានបំពេញការងារនឿយហត់ពេញ១ថ្ងៃ ហើយម៉ោងសិក្សានៅសាលារៀនពេលយប់ គឺអាចប្រៀបធៀបនឹង «Gap Night» ឬយកពេលទំនេររបស់ពួកគេមករៀនបន្ថែមពេលយប់ ខណៈពួកគេគ្មានពេលទំនេរច្រើនទេ ៕










