ជនជាតិចិនមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលមានតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានទទួលទានអាហារដូចខាងក្រោមនេះនឹងនាំសំណាងដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនមានដូចជា៖
១.មាន់ស្ងោរ៖ មាន់ស្ងោរជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ជាពិសេសក្បាលនិងជើងគឺតំណាងឱ្យសាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។
២.ត្រីចំហុយទឹកស៊ីអ៊ីវ៖ ក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះ ត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន ភាពសំបូររុងរឿង សុភមង្គល ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។
៣.អង្ករដំណើប៖ អង្ករដំណើបមួយចានដែលមានពណ៌ក្រហម ឬពណ៌ទឹកក្រូចតំណាងឱ្យភាពត្រចះត្រចង់និងជូនពរឆ្នាំថ្មីឱ្យមានភាពរុងរឿងបរិបូរណ៍ភាពចម្រុងចម្រើននិងសំណាងល្អ។
៤.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។
៥.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
៦.ផ្លែក្រូច៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបាន សុភមង្គល ភាពពេញលេញ និងរីករាយពេញមួយឆ្នាំ៕










