បរទេស៖ ការទិញរថយន្តអគ្គិសនីបានកើនឡើងដប់ដងក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយទិន្នន័យបានបង្ហាញថារថយន្តអគ្គិសនី Tesla កំពុងមានប្រជាប្រិយភាពខ្លាំងជាមួយជនជាតិអ៊ុយក្រែន។ នេះបើយោងតាម Le Figaro ដែលបានរាយការណ៍កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤។
នៅចុងឆ្នាំ ២០២១ រថយន្តអគ្គិសនីត្រឹមតែ ៨,៥៤១ គ្រឿងប៉ុណ្ណោះត្រូវបានចុះបញ្ជីនៅក្នុងប្រទេស ខណៈដែលនៅខែមករាឆ្នាំ ២០២៣ តួលេខនេះបានហក់ឡើងដល់ ៤៦,៨៣០ គ្រឿងដោយដកស្រង់ទិន្នន័យឧស្សាហកម្ម។ ទោះបីជាមានប្រតិបត្តិការយោធាដែលកំពុងបន្តក៏ដោយ កំណើនដ៏អស្ចារ្យនេះបានបន្តកាលពីឆ្នាំមុន ខណៈដែលគិតត្រឹមខែវិច្ឆិកា ចំនួនរថយន្ត EV បានកើនឡើងជិតទ្វេដង ដោយឈានដល់ ៨៣,១១៦ គ្រឿង។
លោក Anton Tiutiun អគ្គនាយករងនៃធនាគារ Oschadbank គ្រប់គ្រងដោយរដ្ឋរបស់ប្រទេសអ៊ុយក្រែនបាននិយាយថា “ជាលើកដំបូង យើងបានជួបប្រទះការកើនឡើងយ៉ាងខ្លាំងនៃតម្រូវការប្រាក់កម្ចីសម្រាប់រថយន្តអគ្គិសនី ចំពេលមានការខ្វះខាតក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ”។ លោក Anton Tiutiun បានបន្តទៀតថា ហានិភ័យនៃការដាច់ចរន្តអគ្គិសនី ចំពេលមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន មិនបានបញ្ឈប់ប្រជាជនអ៊ុយក្រែនពីការទិញរថយន្ត EV នោះទេ។
យោងតាមក្រុមហ៊ុន Nissan Motor Ukraine បានឱ្យដឹងថា ប្រទេសនេះមានបណ្តាញសាកថ្មសាធារណៈដែលត្រូវបានអភិវឌ្ឍយ៉ាងល្អដែលមានចំនួនរហូតដល់ ១១,០០០ ស្ថានីយ៍ ដែលនេះគឺជាតួលេខខ្ពស់ជាងនៅរដ្ឋញូវយ៉កសហរដ្ឋអាមេរិក និងទ្វេដងនៃប្រទេសប៉ូឡូញ។ លោក Le Figaro បាននិយាយថា តម្រូវការត្រូវបានជំរុញជាចម្បងដោយការនាំចូលរថយន្តជជុះ បន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនបានដកពន្ធ និងពន្ធគយភាគច្រើន ដោយលោកបានកត់សម្គាល់ថារថយន្ត Tesla មានប្រជាប្រិយភាពជាពិសេស។
លោក Hans Eric Melin នាយក Circular Energy Storage ដែលជាក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសដែលតាមដានលំហូរនៃថ្មដែលបានប្រើប្រាស់ទូទាំងពិភពលោក បាននិយាយថា “យើងបានគិតថាការនាំចេញរថយន្តអគ្គិសនីទៅអ៊ុយក្រែននឹងបញ្ឈប់ដោយសង្រ្គាម” ប៉ុន្តែបន្ទាប់ពីរយៈពេលប្រាំមួយខែ អាជីវកម្មមានភាពរឹងមាំជាងពេលណាៗទាំងអស់។ កាលពីពីរឆ្នាំមុន អ៊ុយក្រែនស្ថិតក្នុងចំណោមគោលដៅកំពូលទាំងបីសម្រាប់រថយន្ត EV របស់អាមេរិកដែលបានលក់នៅក្រៅប្រទេស នៅពីក្រោយប្រទេសនីហ្សេរីយ៉ា និងអារ៉ាប់រួម។
ទោះបីជាយ៉ាងណាក៏ដោយ រថយន្ត Tesla ដែលនាំចូលភាគច្រើនត្រូវបានខូចខាត ហើយត្រូវបានទិញតាមរយៈការដេញថ្លៃនៅសហរដ្ឋអាមេរិក និងកាណាដា នេះបើយោងតាមលោក Malakhovsky អ្នកជំនាញខាងរថយន្ត បាននិយាយទៀតថា ជនជាតិអ៊ុយក្រែនមួយចំនួនបានបង្វែរការជួសជុលរថយន្ត Teslas ទៅជាអាជីវកម្មរកប្រាក់ចំណេញ ដោយជួសជុលរថយន្តរហូតដល់ ១០០ គ្រឿងក្នុងមួយខែ៕










