ប្រជាពលរដ្ឋភាគច្រើន ដែលមានជីវភាពធូរធា ឬមិនសូវមានពេលជូនកូនទៅរៀន បានបណ្តោយកូនៗរបស់ខ្លួន ដែលមិនទាន់គ្រប់អាយុបើកបរយានយន្តនៅតាមផ្លូវ។
មួយរយៈនេះ គេសង្កេតឃើញថាមានក្មេងតូចប្រុសស្រីជាច្រើននាក់បានជិះម៉ូតូឌុបគ្នាចេញពីសាលារៀនទៅផ្ទះចេញពីផ្ទះទៅសាលារៀននៅតាមដងជាហូរហែថែមទាំងបើកបរយ៉ាងលឿន ធ្វើឱ្យមហាជនឃើញមានការភ័យជំនួសពួកគេ។
បើនិយាយពីផ្លូវច្បាប់វិញ ក្មេងតូចៗមិនគ្រប់អាយុ១៥ឆ្នាំ គឺមិនមានការអនុញ្ញាត ឱ្យបើកបរយានយន្តលើផ្លូវសាធារណៈនោះទេ។
យោងច្បាប់ក្នុងប្រទេសកម្ពុជាយើង បានចែងយ៉ាងច្បាស់ថា”អ្នកបើកបរត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ ឡើងទៅ ដោយមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណណាមួយទើបអាចមានសិទ្ធបើកបរនៅក្នុងប្រទេសកម្ពុជា”។
ជុំវិញបញ្ហានេះ អាណាព្យាបាល មិនត្រូវបណ្តែតបណ្តោយឱ្យកូនៗរបស់ខ្លួនធ្វើដំណើរតាមផ្លូវបែបនេះនោះទេ ព្រោះវាអាចនឹងបង្កជាហានិភ័យនៅថ្ងៃណាមួយ។ ដោយឡែកសមត្ថកិច្ចមូលដ្ឋាន និងអ្នកគ្រូ លោកគ្រូ គួរតែធ្វើការណែនាំដល់សិស្សានុសិស្ស ឱ្យយល់ដឹងកាន់តែច្បាស់ពីច្បាប់ចរាចរនៅកម្ពុជា ព្រោះបើគិតឱ្យដិតដល់ទៅ ក្មេងអាយុក្រោម១៨ឆ្នាំ នៅមានស្មារតីមិនទាន់រឹងមាំនៅឡើយទេ៕










