បរទេស៖ ថ្មីៗនេះ Instagram បានបញ្ចេញមុខងារថ្មីមួយដែលមានឈ្មោះថា Nighttime Nude ដែលជាកម្មវិធីផ្ញើសាររំខានដើម្បីដាស់តឿនមនុស្សអាយុក្រោម ១៨ ឱ្យផ្អាកលេងទូរស័ព្ទនៅពេលយប់និងបិទកម្មវិធីហើយចូលគេង។
ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook និង Instagram បានប្រកាសកាលពីថ្ងៃទី១៨ ខែមករាថា កម្មវិធី IG នឹងមានមុខងារថ្មីមួយដំណើរការដោយស្វ័យប្រវត្តិ ដែលកម្មវិធីនេះមានសម្រាប់តែអ្នកអាយុក្រោម ១៨ ឆ្នាំប៉ុណ្ណោះ។ សម្រាប់ក្មេងជំទង់ណាដែលប្រើប្រាស់កម្មវិធី IG នៅពេលយប់ កម្មវិធីនេះនឹងផ្ញើសាររំខានដែលវែងជាង ១០ នាទី ដើម្បីរំលឹកដាស់តឿនឱ្យក្មេងជំទង់បិទកម្មវិធី IG ហើយចូលគេងឱ្យបានគ្រប់គ្រាន់។
ក្រុមហ៊ុនបាននិយាយ គោលបំណងដែលពួកគេបង្កើតកម្មវិធីនេះមក គឺដើម្បីឱ្យអ្នកប្រើប្រាស់របស់ខ្លួន ជាពិសេសក្មេងជំទង់ឱ្យនៅឆ្ងាយពីការប្រើប្រាស់ Instagram ហើយសម្រាក ក៏ដូចជារំលឹកដាស់តឿនថាពេលគេងគឺសំខាន់ណាស់សម្រាប់មនុស្សវ័យក្មេង។ នេះក៏ជាលក្ខណៈពិសេសមួយរបស់វាដែលអនុញ្ញាតឱ្យអ្នកប្រើចាកចេញពីកម្មវិធី និងមិនត្រូវបានរំខានដោយជីវិតឌីជីថល។ លើសពីនេះ វាក៏មានមុខងារ Take a Brake និង Quiet Mode ដែលត្រូវបានរចនាឡើងដើម្បីធ្វើឱ្យកម្មវិធីកាន់តែសម្របខ្លួនទៅនឹងជីវិតពិតផងដែរ។
គួរបញ្ជាក់ដែរថា Instagram គឺជាកម្មវិធីដ៏ល្បីល្បាញមួយដែលមានមនុស្សជាច្រើនជ្រើសរើសប្រើ រួមទាំងក្មេងជំទង់ផងដែរ។ ដូច្នេះហើយកម្មវិធីនេះនឹងជួយឱ្យមនុស្សវ័យជំទង់ខិតខំរៀនសូត្រ ប្រើប្រាស់ជីវិតរបស់ពួកគេឱ្យធ្វើសកម្មភាពផ្សេងទៀត ក៏ដូចជាមានពេលវេលាគ្រប់គ្រាន់នៅជាមួយគ្រួសារ រួមទាំងជួយឱ្យយុវវ័យសម្រាកឱ្យបានគ្រប់គ្រាន់ និងគេងលក់ស្រួលទៀតផង៕










