ប្រ៊ុយណេគឺជាប្រទេសដែលមានស្តង់ដាររស់នៅខ្ពស់បំផុតមួយក្នុងពិភពលោក ដោយសារធនធានប្រេង និងឧស្ម័នដ៏សម្បូរបែបរបស់ខ្លួន។ ដូច្នេះប្រជាជននៃរដ្ឋដ៏តូចនេះមិនត្រូវការបង់ពន្ធលើប្រាក់ចំណូលឡើយ ហើយការថែទាំសុខភាព និងការអប់រំគឺឥតគិតថ្លៃសម្រាប់ពលរដ្ឋ។
ប្រ៊ុយណេក៏ជាប្រទេសដែលកាន់សាសនាអ៊ីស្លាមមានផ្ទៃដីជាង ៥,៧០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅលើគែមខាងជើងនៃកោះ Borneo ជាប់នឹងប្រទេសម៉ាឡេស៊ី ក្រោមរបបរាជានិយមដាច់ខាត។
ប្រទេសនេះ បានផ្ដល់សេវាសុខភាពឥតគិតថ្លៃដល់ពលរដ្ឋទាំងអស់ តាមរយៈមន្ទីរពេទ្យសាធារណៈ។ ដូច្នេះប្រជាជនប្រ៊ុយណេ បានទទួលការព្យាបាលនៅមន្ទីរពេទ្យ និងមណ្ឌលវេជ្ជសាស្ត្រ ក្នុងតម្លៃបន្ទាប់បន្សំ ១ ដុល្លារប្រ៊ុយណេ ដោយកុមារអាយុក្រោម ១២ ឆ្នាំគឺឥតគិតថ្លៃទាំងស្រុង។ រដ្ឋាភិបាលក៏រ៉ាប់រងលើការចំណាយលើការបញ្ជូនពលរដ្ឋទៅបរទេសដើម្បីទទួលបានការព្យាបាល និងសម្ភារៈបរិក្ខារដែលមិនមានក្នុងស្រុកផងដែរ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នប្រទេសនេះគ្មានសាលាវេជ្ជសាស្ត្រទេ ហេតុនេះហើយ អ្នកដែលមានបំណងក្លាយជាគ្រូពេទ្យត្រូវតែទៅសិក្សានៅបរទេស ដើម្បីធានាបាននូវការថែទាំសុខភាពសាធារណៈ។
សម្រាប់សិស្សប្រ៊ុយណេវិញចាប់ពីអាយុ ៥ ដល់ ១៨ ឆ្នាំអាចសិក្សាដោយឥតគិតថ្លៃនៅសាលារដ្ឋ ដោយការចំណាយផ្សេងទៀតដូចជាសៀវភៅសិក្សា សម្ភារៈសិក្សា និងអាហារសាលាក៏ត្រូវបានបង់ដោយរដ្ឋាភិបាលផងដែរ។ ទោះបីជាភាសាម៉ាឡេជាភាសាផ្លូវការរបស់ប្រទេសប្រ៊ុយណេក៏ដោយ ភាសាអង់គ្លេសគឺជាភាសាសំខាន់នៃការបង្រៀននៅក្នុងសាលាភាគច្រើន។ ដូច្នេះហើយ ប្រទេសប្រ៊ុយណេបានជាប់ចំណាត់ខ្ពស់បំផុត ក្នុងចំណោមបណ្តាប្រទេសអាស៊ាន ដែលល្បីបំផុតខាងការអប់រំ និងការថែទាំសុខភាពដោយឥតគិតថ្លៃសម្រាប់ប្រជាជនរបស់ខ្លួន៕










