ប្រទេសចិន ៖ នៅខែមករា ឆ្នាំ២០២៤ មនុស្សម្នាជាច្រើននាក់បានស្វែងរកទិញផ្កាស្រស់ៗនៅតាមផ្សារលក់ផ្កានៅទីក្រុងក្វាងចូវ ខេត្តក្វាងទុង ប្រទេសចិន ដើម្បីយកផ្កាទាំងនេះមកតុបតែងលម្អលំនៅឋាន និងកន្លែងស្នាក់នៅរបស់ពួកគេមុនពិធីបុណ្យចូលឆ្នាំចិន ។ ក្រៅពីការទិញផ្កាស្រស់នៅតាមផ្សារ ពួកគេក៏អាចដើររកទិញវាបាននៅតាមហាងលក់ផ្កាជាច្រើនទៀត ។
ទីក្រុងក្វាងចូវ ត្រូវបានគេដាក់ឈ្មោះថា «ទីក្រុងផ្កា» ពីព្រោះទីក្រុងនេះ គឺជាទីតាំងផលិតកូនរុក្ខជាតិ និងដាំដុះផ្កាយ៉ាងសំខាន់នៅប្រទេសចិន ។ គេរំពឹងថា ក្នុងឱកាសចូលឆ្នាំចិន ឆ្នាំ២០២៤នេះ ទីក្រុងក្វាងចូវ នឹងអាចលក់ផ្កាស្រស់បានរហូតដល់១៥លានផើង ។
អ្នករស់នៅទីក្រុងក្វាងចូវ បានហៅផ្កាស្រស់ដែលគេដាក់លក់ក្នុងពិធីបុណ្យចូលឆ្នាំចិនថា «ផ្កាចូលឆ្នាំចិន» ។ ផ្កាទាំងនេះភាគច្រើនមានពណ៌ស្វាយ និងពណ៌ក្រហម ដែលពលរដ្ឋចិនចាត់ទុកថា វាជាពណ៌នាំមកនូវសិរីសួស្តី សេចក្តីសុខក្នុងក្រុមគ្រួសារ និងស្រស់ស្អាតជាងពណ៌ផ្សេងទៀត ។ ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤ គឺចូលដល់ឆ្នាំនាគ ហើយធ្វើឱ្យផ្លែចេកលក់ដាច់ខ្លាំងជាងផ្លែឈើផ្សេងៗ ។
លោក ហ្វាង ជាម្ចាស់ហាងផ្កាមួយកន្លែងនិយាយថា លោកបានលក់ផ្កាស្រស់ជាច្រើនប្រភេទ និងបញ្ជូនទៅកាន់ខេត្តនានាក្នុងប្រទេសចិន ដូចជា ៖ ខេត្តហ៊ូបេ និងខេត្តស៊ីឈួន ជាដើម ។ ប៉ុន្តែលោកបានលក់ផ្កាដាច់ច្រើនបំផុត គឺនៅខេត្តក្វាងទុង, ហុងកុង និងម៉ាកាវ ។
គេសង្កេតឃើញថា ហាងលក់ផ្កានានាបានដាក់តាំងផ្កាស្រស់ជាច្រើនប្រភេទសម្រាប់ឱ្យអតិថិជនជ្រើសរើស ហើយក្រៅពីនេះ គេក៏បានយកផ្កាមួយចំនួនទៀតមកចងជាបាច់ ឬដាក់ក្នុងផើងតូច-ធំផងដែរ ៕










