ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ គេហទំព័រមួយឈ្មោះ World of Buzz បានចុះផ្សាយពីរឿងរ៉ាវរបស់គូស្វាមី-ភរិយាថ្មីថ្មោង១គូ ដែលធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសចិន ក្រោយពីរូបភាពអាពាហ៍ពិពាហ៍របស់ពួកគេបានផ្សព្វផ្សាយជាសាធារណៈ ។ គេបានឃើញយ៉ាងច្បាស់ថា កូនកំលោះមិនពេញចិត្តជាមួយកូនក្រមុំទេ ដោយសារតែរូបសម្បត្តិរបស់នាង ។
ពួកគេបានរៀបការនៅទីក្រុងហ្គីចូវ ប្រទេសចិន ហើយបើតាមសារព័ត៌មានចិនឱ្យដឹងថា កូនកំលោះម្នាក់នេះមិនអាចប្រកែកបានទេ ដោយសារគាត់គ្មានជម្រើសច្រើន ។ មុនថ្ងៃចូលរោងការ គាត់បានរងសម្ពាធពីក្រុមគ្រួសារ និងសាច់ញាតិ ដោយពួកគេប្រាប់ថា ៖ «រៀបការល្អហើយ វាល្អជាងការរស់នៅម្នាក់ឯង ។ ដូច្នេះ ចូរជ្រើសយកនូវអ្វីដែលយើងមាន ព្រោះយ៉ាងហោចណាស់ អ្នកទាំងពីរអាចជួយគ្នាធ្វើការដើម្បីអនាគតល្អប្រសើរ ហើយមិនបាច់ចាប់អារម្មណ៍ថា អ្នកផ្សេងនិយាយអ្វីពីយើងទេ» ។
បើទោះជាត្រូវគ្រួសារបង្ខំឱ្យកូនកំលោះរៀបការក្តី ប៉ុន្តែកូនកំលោះដឹងច្បាស់ក្នុងចិត្តពីមូលហេតុពិតប្រាកដដែលធ្វើឱ្យគាត់ពុំអាចប្រកែកបាន ។ ការពិត គឺការស្វែងរកគូស្រករជារឿងមួយពិបាកខ្លាំង ជាពិសេសបំផុត សម្រាប់រូបគាត់ដែលគ្មានប្រាក់ចំណូលច្បាស់លាស់ ហើយធ្វើឱ្យនារីជាច្រើននាក់ប្រកែកមិនព្រមរៀបការជាមួយគាត់ ។ គាត់ប្រាប់ថា មានតែកូនក្រមុំតែម្នាក់គត់ដែលយល់ព្រមទទួលយករូបគាត់ ។
សាច់ញាតិខាងប្រុសតែងដាស់តឿនជានិច្ចថា ការរៀបការជាមួយនារីម្នាក់នេះ វាល្អជាងការនៅលីវ ហើយកូនកំលោះក៏យល់ស្របនឹងការលើកឡើងនេះ ប៉ុន្តែនៅថ្ងៃរៀបការមកដល់ គាត់បែរជាមានទឹកមុខស្រពោន ដោយសារមិនអាចបិទបាំងនូវការគិតក្នុងចិត្តបាន ហើយវាមិនមែនបណ្តាលមកពីកូនក្រមុំតែម្នាក់ទេ ប៉ុន្តែដោយសារគាត់អស់សង្ឃឹមនឹងខ្លួនឯងផងដែរ ។ ផ្ទុយទៅវិញ កូនក្រមុំបែរជាញញឹមយ៉ាងមានក្តីសុខ ។
ចំណែកភ្ញៀវចូលរួមក្នុងពិធីរៀបការបានយល់ពីហេតុផលដែលធ្វើឱ្យកូនកំលោះគ្មានក្តីសុខ ប៉ុន្តែគ្រប់គ្នាបាននៅស្ងៀម ហើយមិននិយាយស្តីអ្វីទេ ដោយបណ្តោយឱ្យអ្នកទាំងពីររៀបការចប់ចុង ចប់ដើម ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមរិះគន់ថា អាចមកពីកូនក្រមុំមានទ្រព្យសម្បត្តិច្រើន ទើបកូនកំលោះត្រូវបង្ខំចិត្តរៀបការជាមួយនាង បើទោះជាកូនកំលោះមិនពេញចិត្តនឹងមុខមាត់នាងក្តី ។
អ្នកខ្លះទៀតនិយាយថា កូនកំលោះគ្រាន់តែគិតពីខ្លួនឯងប៉ុណ្ណោះ និងមិនបានគិតពីអនាគតវែងឆ្ងាយ ។ ម្យ៉ាងទៀត រូបសម្បត្តិរបស់កូនក្រមុំនឹងធ្វើឱ្យកូនកើតមកមិនស្អាតតាមម្តាយ ។ ប៉ុន្តែអ្នកខ្លះទៀតយល់ស្របតាមការសម្រេចចិត្តរបស់គាត់ ហើយនិយាយថា ៖ «រៀបការ គឺជាពិធីសំខាន់មួយរវាងមនុស្ស២នាក់ និងក្រុមគ្រួសារ២ ។ ដូច្នេះ យើងគួរពិចារណាឱ្យបានច្បាស់លាស់សិន មុននឹងសម្រេចចិត្តរៀបការ ហើយបើយើងយល់ព្រមរៀបការដោយខ្វះការទទួលខុសត្រូវ វានឹងខាតបង់ទាំងសងខាង» ៕










