សហរដ្ឋអាមេរិក ៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ផ្ទុះកើតឡើងក្នុងសណ្ឋាគារមួយឈ្មោះ «សែនម៉ែន» នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ។ ហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារនេះបានបណ្តាលឱ្យមនុស្សរងរបួសចំនួន២១នាក់ និងមានមនុស្សមួយចំនួនទៀតជាប់នៅជាន់ក្រោមដីរបស់សណ្ឋាគារផងដែរ ។
ក្រោយពីកើតហេតុការណ៍ផ្ទុះក្នុងសណ្ឋាគារកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានបណ្តាលឱ្យសណ្ឋាគារ «សែនម៉ែន» ខូចខាតយ៉ាងខ្លាំង និងធ្លាក់កំទេចថ្មពាសពេញផ្លូវនៅខាងមុខសណ្ឋាគារ ។ ការខូចខាតបានកើតឡើងនៅបរិវេណជាន់ខាងក្រោមនៃសណ្ឋាគារ ប៉ុន្តែអគារនៅទល់មុខគ្នានេះពុំរងការខូចខាតទេ ។
សណ្ឋាគារ «សែនម៉ែន» មានកម្ពស់២០ជាន់ មានទីតាំងស្ថិតនៅចំណុចកណ្តាលទីក្រុងហ្វតវឺស រដ្ឋតិចសាស់ ។ ក្រោយកើតហេតុ ភ្នាក់ងារពន្លត់ភ្លើង និងភ្នាក់ងារជួយសង្គ្រោះប្រចាំទីក្រុងហ្វតវឺស បញ្ជាក់ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរងរបួសចំនួន២១នាក់ ក្នុងនោះមានម្នាក់រងរបួសធ្ងន់ធ្ងរ ។ រីឯមនុស្សខ្លះទៀតជាប់នៅជាន់ក្រោមដីនៃសណ្ឋាគារ ។
ក្រោយកើតហេតុ អាជ្ញាធរបានសុំឱ្យពលរដ្ឋចៀសវាងកុំធ្វើដំណើរមកកាន់ចំណុចកើតហេតុដើម្បីសុវត្ថិភាព ។ អាជ្ញាធរបានសន្និដ្ឋានអំពីមូលហេតុនៃការផ្ទុះថា អាចបណ្តាលមកពីការធ្លាយធុងហ្គាសនៅក្នុងសណ្ឋាគារ ។ ម្យ៉ាងទៀត ក្នុងពេលកើតហេតុ ក៏មានការកែលម្អសណ្ឋាគារផងដែរ ប៉ុន្តែមិនដឹងថា តើវាពាក់ព័ន្ធនឹងការផ្ទុះដែរឬទេ?
គួរបញ្ជាក់ថា សណ្ឋាគារ «សែនម៉ែន» មានបន្ទប់សម្រាកចំនួន២៤៥បន្ទប់ ហើយសណ្ឋាគារនេះបានសាងសង់ឡើងនៅឆ្នាំ១៩២០ ។ បើគិតរហូតមកដល់បច្ចុប្បន្ន សណ្ឋាគារនេះមានអាយុកាលជាង១០០ឆ្នាំហើយ ។ សណ្ឋាគារ «សែនម៉ែន» ធ្លាប់បានចុះឈ្មោះជាតំបន់បុរាណរបស់អាមេរិក តាំងពីឆ្នាំ១៩៧៩ ៕










