ប្រទេសថៃ ៖ ពលរដ្ឋថៃបាននាំគ្នាសរសើរពីទឹកចិត្តរបស់នារីម្នាក់ឈ្មោះ អេន ទៅលើបុគ្គលិកធ្វើការផ្នែកប្រមូលសំរាម ខណៈនាងបានទិញរបស់របរមួយចំនួនសម្រាប់ធ្វើជាកាដូឆ្នាំថ្មីចែកដល់អ្នកប្រមូលសំរាមនៅមុខផ្ទះ ។ ការចែកកាដូនេះ នាងបានធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកទឹកចិត្តដល់បុគ្គលិកធ្វើការផ្នែកនេះឱ្យមានកម្លាំងធ្វើការដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្តទៀត ។
អ្នកនាង អេន ជាម្ចាស់កាដូនិយាយថា ៖ «មនុស្សគ្រប់គ្នាភ្លេចគិតពីបុគ្គលិកធ្វើការផ្នែកប្រមូលសំរាម ឬបុគ្គលិកបោសសម្អាតឱ្យយើង គឺគ្មានអ្នកណាម្នាក់គិតដល់ពួកគាត់ទេ ។ ហេតុនេះ ខ្ញុំគិតថា ចង់ទិញរបស់របរមួយចំនួនឱ្យពួកគាត់ជារៀងរាល់ឆ្នាំ គឺនៅថ្ងៃចូលឆ្នាំថ្មី ។ ខ្ញុំបានធ្វើបែបនេះតាំងពីឆ្នាំ២០២១, ឆ្នាំ២០២២ ប៉ុន្តែនៅឆ្នាំ២០២៣ ខ្ញុំមិនបានចែកកាដូទេ ដោយសារខ្ញុំមិនស្រួលខ្លួន» ។
អ្នកនាង អេន បន្តថា ៖ «នៅឆ្នាំ២០២៤ នេះ ខ្ញុំបានចែកកាដូឱ្យបុគ្គលិកប្រមូលសំរាម ហើយខ្ញុំភ្ញាក់ផ្អើល ដោយសារពួកគាត់លើកដៃសំពះ ព្រោះតាមធម្មតា ពួកគាត់គ្រាន់តែនិយាយថា អរគុណ ។ ប៉ុន្តែពួកគាត់បានអរគុណគ្រប់ពេលដែលយកកាដូទៅ ហើយលើកនេះ ពួកគាត់លើកដៃសំពះទាំង៣នាក់តែម្តង» ។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ អ្នកនាង អេន បានទិញរបស់របរមួយចំនួនធ្វើជាកាដូសម្រាប់បុគ្គលិកប្រមូលសំរាម ព្រមទាំងសរសេរពាក្យជូនពរឆ្នាំថ្មីផងដែរ ។ នៅពេលរថយន្តប្រមូលសំរាមបើកមកដល់មុខផ្ទះនាង បុគ្គលិកទាំងអស់ក៏ប្រញាប់លើកដៃសំពះ ហើយនិយាយថា «អរគុណ» ។
អ្នកនាង អេន និយាយថា នាងសប្បាយចិត្តណាស់ ដែលនាងបានចែករំលែកក្តីសុខដល់មនុស្សនៅជុំវិញខ្លួន ហើយនាងចង់ឱ្យរឿងរ៉ាវនេះជាកម្លាំងចិត្តឱ្យមនុស្សគ្រប់គ្នាធ្វើអំពើល្អដល់អ្នកដទៃ ។ ពេលខ្លះ គេអាចភ្លេច និងមើលរំលងបុគ្គលិកធ្វើការផ្នែកនេះ ។ អ្នកនាងប្រាប់ថា ៖ «នៅថ្ងៃណាដែលខ្ញុំទិញរបស់របរឱ្យពួកគាត់ ខ្ញុំបានសរសេរក្រដាសប្រាប់ថា របស់ទាំងនេះសម្រាប់ជូនបងៗក្នុងឆ្នាំថ្មី» ។
អ្នកនាងបន្ថែមថា សាច់ញាតិរបស់នាងបានណែនាំថា បន្ទាប់ពីធ្វើបុណ្យចែកម្ហូបអាហារតាមរោងបុណ្យរួច នាងអាចយករបស់របរមកចែកឱ្យអ្នកក្រខ្សត់ ។ ហេតុនេះ នាងក៏សម្រេចចិត្តចែករបស់របរឱ្យបុគ្គលិកប្រមូលសំរាម ព្រោះធ្វើឱ្យនាងមានអារម្មណ៍ល្អ និងមានសេចក្តីសុខ ។ រីឯរបស់របរដែលចែកឱ្យពួកគេ រួមមាន ៖ អង្ករ, អាហារក្រៀម, ផ្លែឈើ, មីកញ្ចប់ គ្រឿងទេស ឬដាក់លុយក្នុងស្រោមសំបុត្រ គឺអាស្រ័យតាមលទ្ធភាព ។
ចុងក្រោយ អ្នកនាងបញ្ជាក់ថា ការងារទាំងអស់សុទ្ធតែមានតម្លៃស្មើៗគ្នា ហើយយើងពុំគួរមើលងាយអ្នកប្រមូលសំរាមទេ ព្រោះពួកគេបានបំពេញការងារយ៉ាងល្អបំផុតសម្រាប់សង្គមជាតិ ។ ហេតុនេះ វាជាការបង្ហាញនូវទឹកចិត្តបន្តិចបន្តួច ដែលយើងអាចចែករំលែកឱ្យគ្នាទៅវិញទៅមកបាន ៕










