ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ប្រទេសជប៉ុនបានជួបហេតុការណ៍គ្រោះរញ្ជួយដី ចាប់ពីកម្រិត៧.៤វិកទ័រ ទៅ៧.៦វិកទ័រ នៅតំបន់ Notojo ខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេស ដែលបណ្តាលឱ្យមនុស្សស្លា.ប់យ៉ាងហោចណាស់ ៤៨នាក់ ព្រមទាំងខូចខាតអគារ និងផ្ទះសម្បែងអស់ជាច្រើនខ្នង ។ ក្រោយហេតុការណ៍គ្រោះរញ្ជួយដីនេះ អ្នកលេងបណ្តាញសង្គមនៅជប៉ុនបានចាប់អារម្មណ៍នឹងវីដេអូមួយ ដែលគេថតបានសត្វស្លាបរាប់ម៉ឺនក្បាលហើរពេញមេឃក្នុងតំបន់មួយចំនួន ។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឬរយៈពេល២ថ្ងៃ មុនកើតហេតុការណ៍គ្រោះរញ្ជួយដីនៅប្រទេសជប៉ុន មានជនជាតិជប៉ុនម្នាក់បានថតវីដេអូមួយបង្ហោះក្នុងបណ្តាញសង្គម ដោយក្នុងវីដេអូបង្ហាញថា នៅសុខៗ ស្រាប់តែមានហ្វូងសត្វស្លាបរាប់ម៉ឺនក្បាលហើរប្រសាចនៅលើមេឃក្នុងតំបន់ជាច្រើនរបស់ជប៉ុន ។ ប៉ុន្តែគេពុំដឹងថា តើពួកវាហើរមកពីកន្លែងណាទេ ។
បើតាមវីដេអូដែលគេចែកចាយក្នុងបណ្តាញសង្គមបង្ហាញថា សត្វស្លាបទាំងនេះបានហើរមកប្រមូលផ្តុំគ្នានៅលើមេឃ ហើយពួកវាមិនព្រមហើរទៅកន្លែងផ្សេងសោះ ។ លើសពីនេះ ពួកវាស្រែកមិនឈប់ ក្រោយមក ផ្ទៃមេឃប្រែជាងងឹត និងគ្របដណ្តប់ទៅដោយពពកខ្មៅ ។ ចំណែករូបភាពសត្វស្លាបដែលគេបានឃើញនោះ គឺនៅស្ថានីយ Fukuoka និង Nagano ។
រីឯអ្នកវិទ្យាសាស្ត្រពុំទាន់រកឃើញពីភាពខុសប្រក្រតីរបស់សត្វស្លាបពាក់ព័ន្ធជាមួយគ្រោះរញ្ជួយដីទេ ដោយពួកគេនិយាយថា គ្រោះរញ្ជួយដីបានធ្វើឱ្យប៉ះពាល់ដល់ស្រទាប់បរិយាកាស ហើយវាបានប៉ះពាល់ដល់ដែនម៉ាញ៉េទិចរបស់ផែនដីផងដែរ ។ ហេតុនេះ មុនពេលកើតគ្រោះរញ្ជួយដី សត្វមានជីវិតជាច្រើនក្បាលនៅលើពិភពលោកនេះអាចបង្ហាញទម្លាប់ខុសធម្មតា ។
ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា គ្រោះរញ្ជួយដីកើតឡើងនៅប្រទេសជប៉ុនលើកនេះ គឺជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតនៅឧបទ្វីបណូតូ បើគិតចាប់ពីឆ្នាំ១៨៨៥ មក ។ ក្រៅពីនេះ ប្រទេសជប៉ុនបានជួបហេតុការណ៍រំញ័រជាង១៤០លើក កាលពីពេលកន្លងមក ៕










