វៀតណាម៖ អ្នកគ្រប់គ្រងភោជនីយដ្ឋាន ៤ នាក់ត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានប៉ូលីសព្រហ្មទណ្ឌ (PC02) នៃទីក្រុងហូជីមិញពីបទឈ្មួញកណ្តាលពេស្យាចារ បន្ទាប់ពីបុគ្គលិកស្រីជិត ២០០ នាក់រាំស្រាត និងលក់ផ្លូវភេទ ដើម្បីបម្រើអតិថិជនកូរ៉េ។
យោងតាមគេហទំព័រក្នុងស្រុករបស់ប្រទេសវៀតណាម ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែមករាថា ភោជនីយដ្ឋានមួយកន្លែងដែលមានឈ្មោះ JOY ស្ថិតក្នុងទីក្រុង Saigon ត្រូវបានក្រុមអធិការកិច្ចចុះត្រួតពិនិត្យ និងឃាត់ខ្លួនម្ចាស់ហាង ដោយប៉ូលីសបានរកឃើញថាភោជនីយដ្ឋាននេះមានស្លាកសញ្ញាគួរឱ្យសង្ស័យជាច្រើន។
កន្លែងនេះមាន ៣០ បន្ទប់ធ្វើអាជីវកម្មខារ៉ាអូខេដោយគ្មានការអនុញ្ញាត នឹងបើកទទួលអតិថិជន ក៏ដូចជាបម្រើតែភ្ញៀវកូរ៉េប៉ុណ្ណោះ ហើយតែងតែមានឆ្មាំយាមទ្វារ ៣-៥ នាក់ជារៀងរាល់ថ្ងៃ។ យោងតាមការស៊ើបអង្កេតបានឱ្យដឹងទៀតថា ថៅកែជនជាតិកូរ៉េបានបើកហាងនេះនៅក្នុងប្រទេសវៀតណាម និងបានជ្រើសរើសបុគ្គលិកស្រីវ័យក្មេងស្រស់ស្អាតជិត ២០០ នាក់ក្នុងប្រទេសនេះឱ្យរៀបចំរាំស្រាត និងលក់ផ្លូវភេទ ដើម្បីបម្រើអតិថិជនកូរ៉េ។
ទោះជាយ៉ាងណាក៏ដោយ ភោជនីយដ្ឋានវៀតណាមមួយកន្លែងនេះ បច្ចុប្បន្នត្រូវបានបិទ ហើយម្ចាស់ហាង និងអ្នកគ្រប់គ្រងក៏ត្រូវបានចាប់ខ្លួនផងដែរ ដោយក្រុមអាជ្ញាធរកំពុងធ្វើការស៊ើបអង្គេតបន្ថែមទៀត។
គួរបញ្ជាក់ដែរថា ក្នុងអំឡុងពេលនៃការវាយប្រហារ និងការបង្រ្កាបបទល្មើស ប៉ុន្មានថ្ងៃថ្មីៗនេះ ប៉ូលីសក្រុងហូជីមិញ បានចាប់ខ្លួនក្រុមក្មេងទំនើង និងចោរប្លន់ជាច្រើននាក់ ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរបស់ខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤៕










