តើដឹងឬទេថា ដើម្បីឱ្យអង្ករលីងមានក្លិនឈ្ងុយបានល្អ និងយូរថ្ងៃ តើគេធ្វើវាតាមវិធីណាខ្លះ? យើងឃើញថា ចុងភៅម្នាក់ៗមានបទពិសោធន៍ និងវិធីចម្អិនម្ហូបអាហារមិនដូចគ្នាទេ ហើយអាហាររបស់ពួកគេ ក៏មានរសជាតិឆ្ងាញ់ទៅតាមចំណង់ចំណូលចិត្តរៀងៗខ្លួន ។
ចុងភៅថៃម្នាក់បានចែករំលែកពីវិធីធ្វើអង្ករលីងឱ្យមានក្លិនឈ្ងុយ និងទុកបានយូរថ្ងៃ ។ ជំហានដំបូង យើងត្រូវហាន់រំដេង និងស្លឹកគ្រៃជាចំណិតតូចៗ ។ បន្ទាប់មក បេះស្លឹកក្រូចយកតែស្លឹករបស់វាប៉ុណ្ណោះ ហើយត្រូវបេះទងនៅកណ្តាលស្លឹកចេញ ។
ជំហានបន្ទាប់ យើងត្រូវយកអង្ករដំណើបមកលីងនៅក្នុងខ្ទះជាមួយរំដេង, ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដែលបានត្រៀមទុក ។ ចំណែកភ្លើងចង្ក្រានវិញ គឺត្រូវបើកភ្លើងតិចៗដើម្បីលីងអង្ករលីងរហូតដល់វាមានក្លិនឈ្ងុយ និងពណ៌លឿង ទើបយើងបិទភ្លើងចង្ក្រាន ហើយទុកវាឱ្យត្រជាក់ ។
ចុងក្រោយ ត្រូវយកអង្ករលីងដែលបានលីងរួចយកទៅកិនឱ្យម៉ត់តាមតម្រូវការ ។ ហេតុនេះ យើងនឹងទទួលបានអង្ករលីងមានក្លិនឈ្ងុយ ដែលអាចច្រកចូលកំប៉ុង និងយកទៅដាក់ក្នុងទូរទឹកកក ។ ការធ្វើតាមវិធីនេះធានាថា វាមានសុវត្ថិភាព និងក្លិនឈ្ងុយជានិច្ច ។
*គ្រឿងផ្សំ ៖
-អង្ករដំណើប ៣០០ក្រាម
-រំដេង ១មើមតូច
-ស្លឹកគ្រៃ ២គល់
-ស្លឹកក្រូចសើច ៦សន្លឹក
*វិធីធ្វើ ៖
១-ហាន់រំដេង និងស្លឹកគ្រៃជាចំណិតតូចៗ បន្ទាប់មក ហែកស្លឹកក្រូចសើច និងទាញទងខាងក្នុងស្លឹកចេញ
២-យកអង្ករដំណើប និងគ្រឿងផ្សំទាំងអស់ដាក់ចូលក្នុងខ្ទះ ហើយកូរវាដោយបើកភ្លើងចង្ក្រានតិចៗរហូតដល់មានក្លិនឈ្ងុយ និងគ្រាប់អង្ករចេញពណ៌លឿង ។ ពេលអង្ករលីងឆ្អិនហើយ ត្រូវទុកឱ្យវាត្រជាក់សិន
៣-យកអង្ករលីងដែលបានលីងរួចហើយទៅកិនឱ្យម៉ត់ និងច្រកដបទុក ៕










