កាលពីពេលថ្មីៗនេះ មានបុរសម្នាក់ឈ្មោះ Thana Benjasak អាយុ ៣៣ ឆ្នាំ ជាជនជាតិថៃ បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានដាក់បង្ហោះនៅលើបណ្តាញសង្គមអំពីវិធីសាស្រ្តនៅក្នុងការសន្សំលុយរបស់គាត់។
ថាណា ដែលជាអ្នកបង្កាត់ពូជត្រីជុល បច្ចុប្បន្នកំពុងរស់នៅ សង្កាត់ខ្លងជុកចែ ខេត្តឆាឈឿងសៅ ដែលហេតុថាស្រលាញ់ក្រដាសប្រាក់៥០បាតពេក ទើបធ្វើការសន្សំត្រឹមរយៈពេល ៦ខែប៉ុណ្ណោះ សន្សំបានរហូតដល់ទៅ ៣០០,០០០ បាត (៨,៧២៧ ដុល្លារ)។ រីឯលុយនោះទៀតសោត សុទ្ធតែក្រដាស ៥០ បាតទាំងអស់។
ដំណើរការនៃការសន្សំប្រាក់របស់ថាណា គឺបានចាប់ផ្ដើមនៅពេលដែលគាត់បានឃើញវីដេអូ TikTok ដែលមនុស្សម្នាក់កំពុងតែសន្សំក្រដាសប្រាក់៥០បាត។ ដោយមានការចាប់អារម្មណ៍ខ្លាំងទៅលើវីដេអូនោះ គាត់ក៏បានសម្រេចចិត្តសាកល្បងវាដែរ។ រាល់ពេលដែលគាត់លក់ត្រីបានម្តងៗ គាត់បានប្តូរលុយទាំងនោះទៅជាលុយក្រដាស 50 បាតទាំងអស់ ហើយទម្លាក់ចូលក្នុងពាង។ លុះដល់កន្លះឆ្នាំក្រោយមក នៅពេលដែលលោកបើកពាងនោះមើល គាត់សប្បាយចិត្តយ៉ាងខ្លាំង ស្ទើរតែមិននឹកស្មានដល់ថាសន្សំបានប្រាក់ច្រើនដល់ថ្នាក់នេះសោះ។
បើទោះបីជានេះគ្រាន់តែវិធីសាស្ត្រសាមញ្ញមួយប៉ុណ្ណោះ ប៉ុន្តែគឺប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលបានធ្វើឲ្យគាត់សន្សំប្រាក់បានរហូតដល់ ៣០០ ០០០ បាតក្នុងរយៈពេលត្រឹមតែកន្លះឆ្នាំ៕










