ម៉ាឡេស៊ី៖ ស្ត្រីខ្មែរម្នាក់អាយុ ៤៧ឆ្នាំ និងកូនប្រុសរបស់នាងអាយុ ២២ឆ្នាំ បានបើកអាជីវកម្មនៅក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទបង្ហោះវីដេអូរិះគន់ប្រជាជនម៉ាឡេស៊ីថា “ខ្ជិល” តាមរយៈ Tiktok។
យោងតាមគេហទំព័រអន្តរជាតិ Free Malaysia Today ដែលបានចុះផ្សាយនៅខែធ្នូថ្មីៗនេះថា ស្ត្រីពាណិជ្ជករខ្មែរម្នាក់ និងកូនប្រុសរបស់នាង ត្រូវបានអាជ្ញាធរម៉ាឡេស៊ីចោទប្រកាន់ពីបទប្រើប្រាស់ពាក្យសម្តីមិនសមរម្យប្រមាទប្រជាជនម៉ាឡេស៊ី ដែលបទល្មើសនេះស្ថិតក្រោមមាត្រា ៥០៥ (គ) នៃក្រមព្រហ្មទណ្ឌ។ បន្ទាប់ពីពួកគេបានបង្ហោះវីដេអូមួយនៅលើ TikTok និយាយថា “ប្រជាជនកម្ពុជាឆ្លាតជាង និងឧស្សាហ៍ព្យាយាមជាងជនជាតិម៉ាឡេស៊ី”។
នៅក្នុងវីដេអូនេះផងដែរ បានធ្វើឱ្យប្រជាជនម៉ាឡេស៊ីជាច្រើនមានការមិនពេញចិត្តយ៉ាងខ្លាំង ក្រោយមកនាងនិងកូនប្រុសរបស់នាងក៏ត្រូវបានចាប់ខ្លួន។ ស្ត្រីជនជាតិខ្មែរ Mariya Yaakob និងកូនប្រុសរបស់នាង Ezuan Hafsham Mohd Hisyam ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់អតិបរមាចំនួន ៥០,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណជាង ១ ម៉ឺនដុល្លារអាមេរិក) ហើយនឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់បន្ថែមទៀតចំនួន ១,០០០ រីងហ្គីតម៉ាឡេស៊ី (ប្រមាណ ២១៣ ដុល្លារ) ជារៀងរាល់ថ្ងៃក្នុងអំឡុងពេលដែលបទល្មើសនេះត្រូវបានប្រព្រឹត្ត។
ទោះជាយ៉ាងណាក៏ដោយ មេធាវីរបស់ម្តាយកូនរូបនេះ បានធ្វើការស្នើសុំឱ្យតុលាការបន្ថយការនៅក្រៅឃុំ ដោយសារម៉ារីយ៉ា ជាម្តាយទោលនិងជាអ្នកជំនួញដែលត្រូវរកប្រាក់ ឬធ្វើដំណើរទៅធ្វើការនៅបរទេស រីឯកូនប្រុសរបស់នាង Esuan កំពុងសិក្សានៅសាកលវិទ្យាល័យ ហើយអ្វីៗគឺនាងជាអ្នករ៉ាប់រងទាំងអស់។
ហេតុនេះហើយ តុលាការក៏សម្រេចចិត្តឱ្យពួកគេនៅក្រៅឃុំដោយត្រូវដាក់ប្រាក់ធានាប្រមាណ ៣,២០០ ដុល្លារសម្រាប់ Mariyah និង ២,១០០ ដុល្លារសម្រាប់ Ezuan។ ប៉ុន្តែពួកគេត្រូវបានតុលាការដកហូតលិខិតឆ្លងដែន ក៏ដូចជាឱ្យពួកគេទាំងពីរបដិសេធមិនធ្វើសេចក្តីថ្លែងការណ៍ណាមួយដែលអាចប៉ះពាល់ដល់ដំណើរការរបស់តុលាការឡើយ៕










