អ្នកជំនួញអនឡាញ អាជី ធ្វើឱ្យអ្នកលេងបណ្តាញសង្គមវែកញែកជាថ្មីបន្ទាប់ពីមានវីដេអូមួយបង្ហោះលើបណ្តាញសង្គមរបស់នាងក្នុងស្ថានភាពបែកពពុះមាត់ ឈាមច្រមុះ ខណៈ អាជី ប៊ិះស្លាប់ប៊ិះរស់ តែត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនលើកឡើងថាគ្រាន់តែជាការសម្តែង។ ដោយសារតែខ្លួនកំពុងតែមានទុក្ខតែបែរជាមានពាក្យសម្តីវាយប្រហារ ស្វាមីអាជីក៏បានបកស្រាយថាមិនមែនជាការសម្តែងនោះទេ ព្រមទាំងទម្លាយវីដេអូ អាជី កំពុងសម្រាកនៅមន្ទីរពេទ្យផងដែរ។
កាលពីថ្ងៃទី១៦ ធ្នូ គណនីហ្វេកប៊ុករបស់ Ah Gi Leader បានបង្ហោះវីដេអូមួយដោយភ្ជាប់ជាមួយសំណេរថា «បុណ្យដែលខ្ញុំបានធ្វើទាំងអស់សូមជួយឱ្យប្រពន្ធខ្ញុំមិនកើតអីហើយជាមកដូចដើមផង»។ នៅក្នុងវីដេអូនោះ អាជី មានសភាពបែកពពុះមាត់ ថែមទាំងមានឈាមច្រមុះទៀត ដែលហេតុការណ៍នេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទោះយ៉ាងនេះក្តី អ្នកលេងបណ្តាញសង្គមមួយចំនួនបានលើកឡើងថា នេះគ្រាន់តែជាការសម្តែងរបស់អាជី ប៉ុណ្ណោះដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជន។
ដោយសារតែរងនូវមតិថា ជាការសម្តែងទាំងអាជី ប៊ិះស្លាប់ ប៊ិះរស់ នេះដែរនៅក្នុងគណនីរបស់ Ah Gi Leader ក៏បានបង្ហោះវីដេអូមួយទៀតដែលក្នុងសភាព អាជី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្ជាប់ជាមួយវីដេអូក៏មាន caption ដែរថា «ផ្ញើទៅអ្នកដែលថាប្រពន្ធខ្ញុំសម្តែង ហើយក៏អរគុណអ្នកដែលជូនពរឆាប់ជា»។
បើតាមការឱ្យដឹងពីគណនីហ្វេកប៊ុកលោក អៀង អេងឡាយ ត្រូវជាស្វាមីរបស់ អាជី ក៏បានបង្ហើបដែរថាកាលដែលអាជីមានសភាពបែកពពុះមាត់ និងមានឈាមច្រមុះនេះដោយសារតែលេបថ្នាំងងុយគេង។
អត្ថន័យទាំងស្រុងលោក អៀង អេងឡាយ បានរៀបរាប់ថា «ឱ!អូនអើយអូន បងទើបតែឃើញរូបនេះនៅក្នុងទូរសព្ទអូន ហេតុអីអូនលាក់បងមកដល់ពេលនេះ អូនធ្វើបែបនេះ ធ្វើឱ្យបងពិបាកចិត្តខ្លាំងណាស់ បងឃើញហើយបងស្លុតចិត្តមិនគួរណាអូនលាក់ប្ដី បងប្រាប់ហើយថាឱ្យឈប់លេបថ្នាំងងុយគេងនឹងទៅតែអូនមិនស្ដាប់លួចលេបរហូតដល់ចង់ហួសពេលហើយ តើឱ្យបងជួយអូនយ៉ាងណាហើយក៏សូមដាស់តឿបងប្អូនទាំងអស់គ្នាសូមកុំប្រើថ្នាំងងុយគេងអីបើមិនចង់ដូចប្រពន្ធខ្ញុំទេ វាជារឿងពិតដែលខ្ញុំកំពុងតែជួប ហើយក៏អរគុណបងប្អូនដែលជូនពរឱ្យគាត់ឆាប់ជា»។
គួរបញ្ជាក់ផងដែរថា អាជី មានឈ្មោះពិតថា តេង ស៊ីណាត គឺជាអ្នកលក់អនឡាញមួយរូប ហើយត្រូវបានមហាជនរិះគន់ជារឿយៗតាមរយៈសកម្មភាពរបស់នាងដូចជាការសម្តែងស៊ិចស៊ីនិងសកម្មភាពមួយចំនួនទៀត៕










