ប្រទេសវៀតណាម ៖ ឪឡឹកបានក្លាយជាដំណាំកសិកម្មលំដាប់ទី៦ របស់ប្រទេសវៀតណាមដែលបាននាំចេញទៅកាន់ប្រទេសចិនជាផ្លូវការ ខណៈប្រទេសទាំងពីរនេះបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើការនាំចេញផ្លែឈើរួចរាល់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ។
កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នាយកដ្ឋានការពាររុក្ខជាតិស្ថិតនៅក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ព្រមទាំងការិយាល័យគយប្រទេសចិនបានចុះកិច្ចព្រមព្រៀងជាមួយគ្នា ស្តីពីការនាំចេញផ្លែឪឡឹកស្រស់របស់វៀតណាមទៅកាន់ប្រទេសចិន ។
នៅក្រោមកិច្ចព្រមព្រៀងគ្នានេះ ផ្លែឪឡឹកស្រស់របស់វៀតណាមត្រូវតែមានគុណភាពល្អ និងគ្មានសត្វល្អិតបំផ្លាញ ស្របតាមការកំណត់របស់ប្រទេសចិនទៅលើគុណភាពផ្លែឈើ ។ បច្ចុប្បន្ន ប្រទេសវៀតណាមមានផ្លែឈើ និងទិន្នផលកសិកម្មចំនួន៦ប្រភេទអាចនាំចេញទៅកាន់ប្រទេសចិនបាន ដូចជា ៖ មង្ឃុត, ដើមចាហួយ, ទុរេន, ចេក, ដំឡូង និងឪឡឹក ។
ក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក ស៊ី ជិនពីង ប្រធានាធិបតីចិននៅវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ព្រមទាំងការិយាល័យគយចិន បានចុះកិច្ចព្រមព្រៀងនាំចេញផ្លែឪឡឹកទៅកាន់ប្រទេសចិន ។ វាជាជំហានដ៏សំខាន់ដើម្បីជំរុញការនាំចេញដំណាំកសិកម្មវៀតណាមជាផ្លូវការ និងការកំណត់ស្តង់ដារនាំចេញផ្លែឈើរវាងប្រទេសទាំងពីរ ។
ការចុះកិច្ចព្រមព្រៀងនេះដើម្បីឱ្យប្រាកដចិត្តថា ការនាំចេញឪឡឹករបស់វៀតណាមស្របតាមច្បាប់ និងស្តង់ដារសុវត្ថិភាពរបស់ចិន ។ ហេតុនេះ ចម្ការឪឡឹក និងរោងចក្រវេចខ្ចប់ផ្លែឈើទាំងអស់សម្រាប់នាំចេញទៅប្រទេសចិន គឺត្រូវចុះឈ្មោះ និងទទួលបានការអនុម័តពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ព្រមទាំងការិយាល័យគយចិនផងដែរ ។
ប្រទេសវៀតណាមអាចនាំចេញឪឡឹកតាមរយៈច្រកព្រំដែន ដែលទទួលបានការអនុញ្ញាតពីការិយាល័យគយចិន ។ បច្ចុប្បន្ន វៀតណាមមានផ្ទៃដីដាំដុះឪឡឹកចំនួន១៦២កន្លែង និងរោងចក្រវេចខ្ចប់ជាង១.០០០កន្លែងសម្រាប់នាំចេញទៅប្រទេសចិន ។ រីឯតម្លៃជាមធ្យមនៃការនាំចេញផ្លែឪឡឹកទៅប្រទេសចិន គឺស្មើទឹកប្រាក់ប្រមាណ៥០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕ ប្រភព ៖ Thaibiz-vietnam










