អង្គការសុខភាពពិភពលោក (WHO) បានស្នើទៅកាន់រដ្ឋាភិបាលប្រទេសនានានៅលើពិភពលោក ចេញវិធានការគ្រប់គ្រងបារីអេឡិចត្រូនិកឱ្យបានតឹងរ៉ឹងដូចការគ្រប់គ្រងបារីធម្មតាដែរ ។ បើតាមទិន្នន័យនាពេលបច្ចុប្បន្នបង្ហាញថា ចំនួនអ្នកជក់បារីអេឡិចត្រូនិកនៅទូទាំងពិភពលោក បានកើនឡើងខ្ពស់ជាបន្តបន្ទាប់ ជាពិសេស កុមារអាយុចាប់ពី១៣ឆ្នាំ ដល់១៥ឆ្នាំ បានជក់បារីអេឡិចត្រូនិកច្រើនជាងមនុស្សចាស់ ។
បើទោះជាអ្នកស្រាវជ្រាវ និងក្រុមមួយចំនួនបញ្ជាក់ថា បារីអេឡិចត្រូនិកមានចំណែកជួយឱ្យអ្នកជក់បារីធម្មតាអាចកាត់ផ្តាច់បារីបាន ឬជួយកាត់បន្ថយការស្លា.ប់របស់អ្នកជក់បារីធម្មតា ប៉ុន្តែការបញ្ជាក់ទាំងអស់នេះពុំទាន់មានភស្តុតាងគ្រប់គ្រាន់នៅឡើយទេ ។
អង្គការសុខភាពពិភពលោកបញ្ជាក់ថា ការជក់បារីអេឡិចត្រូនិកនឹងបណ្តាលឱ្យកើតជំងឺមហារីក, ប៉ះពាល់បេះដូង និងសួត ក៏ដូចជាប៉ះពាល់ដល់ការវិវឌ្ឍខួរក្បាលរបស់យុវវ័យទៀតផង ។ បារីអេឡិចត្រូនិកមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តាលឱ្យក្រុមមនុស្សមិនជក់បារីញៀននឹងសារធាតុនីកូទីនផងដែរ ជាពិសេស កុមារ និងយុវវ័យ ។ ដូច្នេះ វាធ្វើឱ្យមនុស្សទូទៅប្រឈមនឹងបញ្ហាការញៀនសារធាតុនីកូទីននៅក្នុងខ្លួន បើទោះជាពួកគេពុំបានជក់បារីអេឡិចត្រូនិកក្តី ។
ហេតុនេះ អង្គការសុខភាពពិភពលោកចង់ឱ្យប្រទេសនីមួយៗអនុវត្តវិធានការរឹតបន្តឹងលើការគ្រប់គ្រងបារីអេឡិចត្រូនិក រួមទាំងហាមឃាត់ការប្រើប្រាស់សារធាតុបន្ថែមរសជាតិ និងក្លិនគ្រប់ប្រភេទ ដូចជា សារធាតុ Menthol ។ ប្រទេសនានាគួរតែអនុវត្តវិធានការផ្សេងៗផងដែរ ដូចជា ការរឹតបន្តឹងពន្ធ និងហាមជក់បារីអេឡិចត្រូនិកនៅទីសាធារណៈ ។
ចំណែកផ្នែកឧស្សាហកម្មបារីអេឡិចត្រូនិកនិយាយថា បារីអេឡិចត្រូនិកមានផលប៉ះពាល់ដល់សុខភាពតិចជាងបារីធម្មតា ។ វាអាចជួយកាត់បន្ថយគ្រោះថ្នាក់ដោយសារការជក់បារីធម្មតាបាន ថែមទាំងមានរសជាតិច្រើនឱ្យជ្រើសរើស និងមានតម្លៃថោកជាងបារីធម្មតាទៀតផង ។ ហេតុនេះ វាបានជំរុញឱ្យមនុស្សភាគច្រើនងាកមកជក់បារីអេឡិចត្រូនិក ៕ ប្រភព ៖ Mono News










