ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានជួបជាមួយវិនិយោគិនជប៉ុនប្រមាណជាង៥០០ក្រុមហ៊ុន ក្នុងគោលបំណងឱ្យក្រុមហ៊ុនទាំងនេះសហការជាមួយប្រទេសថៃ ដើម្បីលើកកម្ពស់ផ្នែកឧស្សាហកម្ម ។ លើសពីនេះ ប្រទេសថៃនឹងអាចឈានទៅរកសេដ្ឋកិច្ចថ្មី ព្រមទាំងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៅលើពិភពលោកផងដែរ ។
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានប្រជុំពិភាក្សាជាមួយផ្នែករដ្ឋ និងក្រុមហ៊ុនធំៗរបស់ជប៉ុន ជាពិសេស ជាមួយលោក សាយតូខេម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ។ ប្រធានបទសំខាន់ដែលភាគីទាំងពីរលើកយកមកពិភាក្សា គឺការលើកកម្ពស់ឧស្សាហកម្មថាមពលឱ្យស្របតាមគោលដៅកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត ជាពិសេស ក្នុងប្រព័ន្ធដឹកជញ្ជូន ។
លោក សាយតូខេម រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនលើកឡើងថា វិនិយោគិនជប៉ុនមកពីជាង៥០០ក្រុមហ៊ុន ដែលមកចូលរួមក្នុងសិក្ខាសាលា ស្តីពី «Thailand Japan Investment Forum 2023» រៀបចំឡើងដោយការិយាល័យលើកកម្ពស់ការវិនិយោគ ពួកគេនិយាយថា មានទំនុកចិត្តលើប្រទេសថៃក្នុងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ។ ក្រៅពីនេះ ពួកគេចាប់អារម្មណ៍លើផ្នែកថាមពល, ការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីត និងការអភិវឌ្ឍយានយន្តប្រើប្រាស់ថាមពលចម្រុះ ដោយជប៉ុន និងថៃ នឹងសហការគ្នាលើផ្នែកទាំងនេះ ។
ប្រទេសថៃ និងជប៉ុនមានសម្ព័ន្ធភាពល្អជាមួយគ្នាអស់ចំនួន១៣៦ឆ្នាំមកហើយ ហើយប្រទេសជប៉ុនគឺជាមិត្តដ៏ល្អរបស់ថៃ និងសហការជាមួយថៃស្ទើរគ្រប់ផ្នែក ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយថៃជឿថា ជប៉ុននឹងធ្វើដៃគូពាណិជ្ជកម្មជាមួយថៃបន្ថែមថា ដូចជា ផលិតផលកសិកម្ម, គ្រឿងបន្លាស់រថយន្ត និងផលិតផលអេឡិចត្រូនិក ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «រដ្ឋាភិបាលថៃបើកទូលាយសម្រាប់ការវិនិយោគមកពីគ្រប់ប្រទេស ជាពិសស វិនិយោគិនជប៉ុនចាស់ និងថ្មី ។ ប្រទេសថៃនឹងសហការជាមួយរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនជប៉ុន ដើម្បីលើកកម្ពស់ឧស្សាហកម្មឈានទៅរកសេដ្ឋកិច្ចថ្មី និងឆ្លើយតបជាមួយការផ្លាស់ប្តូរលើពិភពលោក» ។
ចំណែកការពិភាក្សាជាមួយនាយកគ្រប់គ្រងក្រុមហ៊ុនជប៉ុនធំៗចំនួន៧ គឺដើម្បីផ្លាស់ប្តូរយោបល់, ជំរុញពាណិជ្ជកម្ម និងការវិនិយោគរួមគ្នា ជាពិសេស ក្រុមហ៊ុនយានយន្តជប៉ុនលំដាប់ពិភពលោក ។ រដ្ឋាភិបាលថៃបានស្នើឱ្យជប៉ុនយកប្រទេសថៃធ្វើជាទីតាំងផលិត និងនាំចេញទំនិញទៅលក់នៅតំបន់ផ្សេងៗលើពិភពលោក ដោយសារប្រទេសថៃមានធនធានមនុស្សមានជំនាញច្រើនផ្នែក ៕ ប្រភព ៖ Tna.mcot










