ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាសិល្បការិនីមួយរូបក្នុងចំណោមសិល្បការនីល្បីៗជាច្រើនរូបដែលមានវត្តមានចូលរួមដើរបង្ហាញម៉ូតក្នុងកម្មវិធីរាត្រីស្រមោលសសប្បុរធម៌នៅប្រាសាទបាភួន។ អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះបវរកញ្ញារូបនេះបានគ្រងឈុតមួយឈ្មោះថា រាជនីអង្គរបរមវិស្ណុលោក ដោយប្រើត្បូងគ្រីស្តាល់ជាង២ម៉ឺនគ្រាប់ ខណៈ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបញ្ចេញទឹកមុខយ៉ាងមានអំណាចតែម្តង។
នៅរាត្រីថ្ងៃទី១៣ ធ្នូ លោក អូលីវ៉ា គង់ ដែលជាអ្នកច្នៃម៉ូតល្បីប្រចាំប្រទេសបាននាំយកម៉ូតសម្លៀកបំពាក់សហសម័យចំនួន៤១ឈុត និងធ្វើម៉ូតសក់ដល់សិល្បការិនីដោយដកស្រង់ពីអប្សរានៅប្រាសាទអង្គរវត្តបង្ហាញទៅកាន់ទស្សនិកជននៅមុខប្រាសាទបាភួន។ កម្មវិធីរាត្រីសមោលសរសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា រៀបចំឡើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងជាកម្មវិធីរំលឹកទៅដល់ខួបទី ៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
រាត្រីដ៏អស្ចារ្យនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី Miss Grand Cambodia 2022 និងជាលំដាប់រងទី៥ Miss Grand International 2022 បានក្លាយជាអ្នកដើរបង្ហាញម៉ូតចុងក្រោយក្នុងកម្មវិធីនេះ។ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងពីការបង្ហាញខ្លួនរបស់នាង ជាពិសេសគឺទឹកមុខតែម្តងពោរពេញដោយអំណាច ឃើញហើយព្រឺសម្បុរតែម្តង។
ឈុតដែល ពេជ្រ វត្តីសារ៉ាវឌ្ឍីគ្រងនេះដែរមានឈ្មោះថា «រាជនីអង្គរបរមវិស្ណុលោក» តំឡើងដោយប្រើត្បូងគ្រីស្តាល់ជាង ២០ ០០០ គ្រាប់ គ្របដណ្ដប់ពីលើហូលសកែវពណ៌ខ្មៅដ៏មានតម្លៃរបស់ខ្មែរ។
បន្ទាប់អ្នកគាំទ្រឃើញបវរកញ្ញាល្បីឈ្មោះរូបនេះដើរជាមួយឈុតដែលមានត្បូងគ្រីស្តាល់ជាង ២០ ០០០ គ្រាប់នេះដែរ អ្នកគាំទ្រដឹងថាឈុតនេះមិនស្រាលទេ ប៉ុន្តែ ពេជ្រ វត្តីសារ៉ាវឌ្ឍី នៅតែបញ្ចេញទឹកមុខដោយថាមពលឃើញហើយអត់សរសើរមិនបាន។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិ្កការណ៍រាត្រីចងចាំនាថ្ងៃទី១៤ ធ្នូ នេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងដើរតួជាជយរាជទេវី ក្នុងទស្សនីយភាពប្រវត្តិសាស្រ្តខ្មែរ ដែលជាតួអង្គសំខាន់មួយនៅក្នុងរឿងជាមួយលោក ទេព រិនដារ៉ូ និង ជំទាវ ចន ច័ន្ទលក្ខណា ៕










