នាយកកម្មវិធីប្រកួតបវរកញ្ញានីការ៉ាហ្គ័រលោកស្រី Karen Celebertti បានចុះចេញពីតំណែងរយៈពេល ១០ ថ្ងៃបន្ទាប់ពីលោកស្រីត្រូវបានគេចោទប្រកាន់ពីបទក្បត់ជាតិ។ ប៉ូលិសនីការ៉ាហ្គ័របាននិយាយថាលោកស្រីយកកម្មវិធីប្រកួតសម្រស់ដើម្បីប្រឆាំងរដ្ឋាភិបាល។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីបវរកញ្ញានីការ៉ាហ្គ័រ Sheynnis Palacios ក្លាយជាម្ចាស់មកុដ Miss Universe លើកទី៧២លើទឹកដី El Salvador ។
បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសឈ្នះក្នុងការប្រកួតប្រជាជននីការ៉ាហ្គ័រាប់ពាន់នាក់បានដើរតាមផ្លូវដើម្បីអបអរសាទរភាពជោគជ័យដែលមិននឹកស្មានដល់របស់ Sheynnis Palacios ឈ្នះមកុដបវរកញ្ញាចក្រវាឡ ព្រោះវាជាលើកទីមួយហើយដែលនីការ៉ាហ្គាបានឈ្នះការប្រកួតនេះ។
មនុស្សជាច្រើនបានគ្រវីទង់ជាតិពណ៌ខៀវ និងសផ្លូវការរបស់ប្រទេស ដែលបានជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងរដ្ឋាភិបាលដែលបានសាយភាយពេញប្រទេសក្នុងឆ្នាំ ២០២៨ មុនពេលត្រូវបានគាបសង្កត់យ៉ាងឃោរឃៅ។ រដ្ឋាភិបាលរបស់ប្រធានាធិបតី Daniel Ortega ដែលកាន់អំណាចតាំងពីឆ្នាំ ២០០៧ ដំបូងបានចេញសេចក្តីថ្លែងការណ៍មួយស្វាគមន៍ជ័យជម្នះរបស់ Sheynnis Palacios ជាមួយនឹង “មោទនភាព និងសេចក្តីរីករាយ” ។ ប៉ុន្តែភ្លាមៗនោះ បានប្រែក្លាយប្រឆាំងនឹងនាង និងអ្នកដែលជាប់ពាក់ព័ន្ធរៀបចំកម្មវិធីប្រកួត នៅពេលដែលរូបថតរបស់នាងគ្រវីទង់ជាតិនៅឯបាតុកម្មប្រឆាំងរដ្ឋាភិបាលឆ្នាំ ២០១៨។
ម្ចាស់មកុដ Miss Universe លើកទី៧២ មិនបានត្រឡប់ទៅនីការ៉ាហ្គ័រវិញទេចាប់តាំងពីបានគ្រងមកុដបវរកញ្ញាចក្រវាឡ ហើយប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា លោកស្រី Karen Celebertti និងកូនស្រី ត្រូវបានបដិសេធមិនឱ្យចូលប្រទេសនីការ៉ាហ្គ័រឡើយ ដោយបង្ខំឱ្យពួកគេហោះហើរទៅកាន់ម៉ិកស៊ិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏និយាយផងដែរថា ប៉ូលិសសបានចាប់ខ្លួនស្វាមី និងកូនប្រុសរបស់លោកស្រី Karen ដែលជាសហម្ចាស់សិទ្ធិផ្តាច់មុខ Miss Universe ក្នុងស្រុក។ អ្នកទាំងបីត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ។ សេចក្តីថ្លែងការណ៍របស់ប៉ូលិសបាននិយាយថា ពួកគេបានចូលរួមក្នុង “សកម្មភាពភេរវករនៃការប៉ុនប៉ងធ្វើរដ្ឋប្រហារបរាជ័យ” ដែលជាការយោងទៅលើការតវ៉ាប្រឆាំងរដ្ឋាភិបាលឆ្នាំ២០១៨ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើ X អតីត Twitter លោកស្រី Karen បានទទូចថាមិនដែលមាននយោបាយណាមួយពាក់ព័ន្ធនឹងការប្រលងសម្រស់ដែលនាងបានរៀបចំនោះទេ។
អ្នកកាសែតជើងចាស់ Nicaraguan ម្នាក់ដែលស្ថិតក្នុងចំណោមអ្នករិះគន់រដ្ឋាភិបាលចំនួន ២២២ នាក់ដែលត្រូវបានរត់ទៅសហរដ្ឋអាម៉េរិកកាលពីដើមឆ្នាំ២០២៣បាននិយាយថាខ្លួនសង្ឃឹមថាការលាលែងពីតំណែងរបស់លោកស្រី Karen នឹងនាំឱ្យមានការដោះលែងស្វាមីនិងកូនប្រុសរបស់គាត់៕










