តារាសម្តែងប្រុសជួរមុខប្រចាំប្រទេសលោក ខាត់ វៃហាំង និងតារាសម្តែងស្រី សិទ្ធី នីកា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីអ្នកទាំងពីរបានដឹកដៃគ្នាចូលរួមក្នុងកម្មវិធីព្រឹត្តិការណ៍មហោស្រពភាពយន្ត KAEN FILM FESTIVAL7 2023 នៅប្រទេសថៃ។ ការចាប់អារម្មណ៍នេះដោយសារតែនេះគឺជាលើកទីមួយហើយដែលតារាសម្តែងទាំងពីរដួងបណ្តើរគ្នាចូលរួមកម្មវិធីនៅក្រៅស្រុក។
លោក ខាត់ វៃហាំង បានសរសេរនៅលើបណ្តាញសង្គមនាថ្ងៃទី១៣ ធ្នូ ដោយបានដឹកដៃស្រីស្អាតសិទ្ធី នីកា ចូលរួមកម្មវិធីដោយភ្ជាប់មកជាមួយពាក្យពេចន៍ថា «រូបភាពអនុស្សាវរីយ៍ នៃការចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី KAEN Film Festival 7 12-12-2023 ( Thailand )»។ តារាសម្តែងដ៏មានប្រជាប្រិយភាពរូបនេះបានឱ្យដឹងថាការចូលរួមរបស់អ្នកទាំងពីរនេះគឺតបតាមការអញ្ជើញរបស់កម្មវិធីក្នុងនាមជាតារាសម្ដែងតំណាងឱ្យប្រទេសកម្ពុជា។
ក្នុងរូបភាពលោក ខាត់ វៃហាំង និងអ្នកនាង សិទ្ធី នីកា បានគ្រងឈុតសម្លៀកបំពាក់ និងរ៉ូបពណ៌ខ្មៅទាំងពីរនាក់ ដោយនៅត្រចៀកអ្នកនាង សិទ្ធី នីកា អមជាមួយក្បាំងត្រចៀក ជាគ្រឿងអលង្ការបុរាណខ្មែរ ចំណែកឯលោក វៃហាំង វិញក៏បង្ហាញពីកន្លាស់អាវម៉ូតខ្មែរដ៏ ស្រស់ស្អាត ធ្វើឱ្យមានភាពលេចធ្លោយ៉ាងខ្លាំងនាឱកាសចូលរួមព្រឹត្តិការណ៍មហោស្រព មួយនេះ។
គួរបញ្ជាក់ថាលោក ខាត់ វៃហាំង និងអ្នកនាង សិទ្ធី នីកា តារាស្រីមានងារអ្នកម្នាងរូបនេះធ្លាប់សម្តែងជាតួឯកជាមួយគ្នាក្នុងរឿងភាគ «ស្នេហ៍ឥតព្រាង» និងរឿង «ពណ៌ជីវិត» របស់ស្ថានីយទូរទស្សន៍ភីអិនអិន៕

.png)










