បន្ទាប់ពីបង្ហាញឈ្មោះ វណ្ណដា ក្នុងបទសម្ភាសរួច លោក លាវ វេងហួរ បេក្ខភាពតំណាងប្រទេសកម្ពុជាចូលរួមប្រកួតក្នុងកម្មវិធី Mister Friendship International 2023 នៅប្រទេសថៃ លោកបានបបួលបេក្ខភាពប្រទេសផ្សេងទៀត រួមទាំងអ្នកនាង ប្រាសាទ ដាវីន ផង រាំបទឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me PaPa» ដែលជាបទផ្ទុះកក្រើកខ្លាំងលើបណ្តាញសង្គម។
ក្នុងអំឡុងពេលប្រកួតប្រជែងលើឆាកអន្តរជាតិលោក លាវ វេងហួរ បានសាងភាពលេចធ្លោយ៉ាងច្រើននៅក្នុងការប្រកួតខណៈអ្នកគាំទ្រកម្ពុជារំពឹងថាលោកនឹងទទួលលទ្ធផលល្អក្នុងកម្មវិធី Mister Friendship International 2023 ខណៈប្រកួតក្នុងស្រុកគឺជាការរៀបចំដំបូងក្រោមការដឹកនាំរបស់អ្នកនាង ប្រាសាទ ដាវីន។ កាលពីកន្លងមកថ្មីៗនេះ វេងហួរ បានឈ្នះពានរង្វាន់ Best Swimsuit ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនទាំងក្នុងនិងក្រៅស្រុក។ បន្ទាប់ពីទទួលលទ្ធផលល្អក្នុងជំហ៊ានដំបូងពេលផ្តល់បទសម្ភាសជាមួយពិធីករ បេក្ខភាព លាវ វេងហួរ បានបង្ហាញឈ្មោះ វណ្ណដា តារាចម្រៀងរ៉េបល្បីប្រចាំប្រទេសកម្ពុជាជាមួយព្រឹទ្ធាចារ្យ គង់ ណៃ ទៀតកាន់តែផ្ទុះការគាំទ្រកាន់តែខ្លាំង។
ដោយឡែកក្នុងដំណើរការប្រកួតទៅទីកន្លែងនានាក្នុងកម្មវិធីខាងលើនេះ លោក លាវ វេងហួរ បានបង្កើតភាពសិទ្ធិស្នាលជាមួយបេក្ខភាពផ្សេងទៀត ខណៈអ្នកនាង ប្រាសាទ ដាវីន ND Mister Friendship Cambodia បានហោះទៅគាំទ្រលើកទឹកចិត្ត វេងហួរ ដល់ប្រទេសថៃតែម្តង ហើយទាំងបេក្ខភាពកម្ពុជា និងមិត្តផ្សេងទៀតរួមទាំងអ្នកនាង ដាវីន ផងបានរាំទិកតុកលេងយ៉ាងសប្បាយរីករាយធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតតែម្តង។
លោក វេងហួរ បានបបួល បេក្ខភាពប្រទេសកូរ៉េ ឡាវ តៃវ៉ាន់ វៀតណាម និងមីយ៉ាន់ម៉ា រាំបទរបស់ឧកញ៉ា ខេមរៈ សិរីមន្ត មានចំណងជើងថា «Call Me PaPa» ឬហៅក្រៅថា «បាញ់ស្នេហ៍» ដែលជាបទផ្ទុះការគាំទ្រយ៉ាងខ្លាំងលើបណ្តាញសង្គម ហើយបទនេះក៏ជាបទដែលតារាចម្រៀងមានងារជាឧកញ៉ា រូបនេះទទួលបានការគាំទ្រខ្លាំងពីទស្សនិកជនបន្ទាប់ពីមានរឿងអាស្រូវផងដែរ។ មកទល់ពេលនេះបទនេះមានការស្តាប់ជាង៣លានដងលើបណ្តាញយូធូបរបស់ឧកញ៉ា ខេមរៈ សិរីមន្ត ត្រឹមរយៈពេល១ខែដែលជាស្នាដៃនិពន្ធដោយ សង្ហា។
គួរបញ្ជាក់ផងដែរថា លោក លាវ វេងហួរ ជាអ្នកខេត្តកំពង់ធំ បានបញ្ចប់ការសិក្សានៅ សហរដ្ឋអាម៉េរិកហើយសព្វថ្ងៃមានអាជីពជាម៉ូដែល ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ និងជាគ្រូបង្ហាត់ប្រដាល់សកល។ ហើយនៅថ្ងៃទី១៣ ធ្នូ នេះគឺជាថ្ងៃប្រកួតផ្តាច់ព្រ័ត្រ Mister Friendship International 2023 ផងដែរ៕










