នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្រ្តីខ្មែរម្នាក់ បន្ទាប់ពីអ្នកនាងបានបញ្ចេញមតិមួយឃ្លាទៅកាន់សារធារណជនដោយនិយាយថា«ព្រមធ្លាក់ប្រជាប្រិយភាព តែមិនព្រមធ្លាក់នរក» ខណៈមានអ្នករិះគន់និងអ្នកកោតសរសើរដំណាលគ្នា។

បើយើងទៅតាមគណនីមួយដែលមានឈ្មោះថា ស្រួង ភាវី «Sruong Pheavy» ដែលជាម្ចាស់មេដៃសំរិទ្ធលេខ៣លំដាប់ថ្នាក់អន្តរជាតិពីការប្រកួតស្នូកឃ័រជើងឯកពិភពលោក និងជាអ្នកដែលមានឈ្មោះបោះសំឡេងក្នុងសង្គមខ្មែរមួយរូបដែរ ដោយអ្នកនាងបានបញ្ចេញមតិរិះបែបស្ថាបនាទៅលើជំនឿអរូបិយរបស់ប្រជាជនខ្មែរមួយចំនួន ជាពិសេសគឺទាក់ទងទៅនឹងវីដេអូឃ្លីបដែលបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរប្រញ៉ាយគ្នាយកកាច់ស្លឹកទឹកដោះស្ទើរតែរំលំដើមដោយជឿថាស្លឹកនោះសក្តិសិទ បន្ទាប់ពីព្រះអង្គចន្ទ មុន្នី ដែលល្បីថាជាព្រះសង្ឃមានបារមីគង់ទេសនាចប់នៅម្តុំក្រោមដើមទឹកដោះនោះ។May be an image of 3 people and text

អ្នកនាងក៏បានបញ្ចេញមតិថា «ជំនឿគ្មានហេតុផលរបស់ប្រជាពលរដ្ឋ បានក្លាយជាមុខជំនួញដ៏កាក់កប សម្រាប់ជនបោកប្រាស់រកប្រាក់ចំណូល ទទួលផលចំណេញវាល់លានក្នុងមួយថ្ងៃៗ»។ ខណៈការបញ្ចេញមតិបែបនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជំនឿនិយមមួយចំនួន រហូតអ្នកខ្លះឈានដល់ការខឹងស្អប់ទៅរូបអ្នកនាង។ ប៉ុន្តែសម្រាប់អ្នកនាងវិញមិនខ្វល់នោះទេ ព្រោះអ្វីដែលអ្នកនាងបានចែករំលែកគឺជាការដាស់តឿនសតិដល់ប្រជាជនខ្មែរមួយចំនួន ដែលជឿងប់ងល់ទៅលើជំនឿអរូបិយជ្រុលហួសហេតុពេក ជាហេតុអាចនឹងបណ្តាលឲ្យមានភាពចលាចលក្នុងសង្គមទាំងមូល ជាពិសេសគឺវានឹងធ្វើឲ្យជនឆ្លៀតឱកាសកេញយកផលប្រយោជន៍ទាំងស្រុងក្នុងរឿងជំនឿសាសនានេះនិងមានឥទ្ធិពលកាន់តែខ្លាំងឡើង ខណៈនឹងធ្វើឲ្យសង្គមខ្មែរទាំងមូលធ្លាក់ក្នុងគ្រោះមហន្តរាយ។May be an image of 1 person, playing billiards and text

បន្ទាប់ពីអ្នកនាងបានបង្ហោះសារខាងលើបែបនេះហើយ ពិតជាបានធ្វើអ្នកជំនឿនិយមមួយចំនួនសម្តែងនូវអាកប្បកិរិយាមិនពេញចិត្ត ទើបអ្នកនាងក៏បានដាក់បង្ហោះសារមួយឃ្លាទៀតដោយសរសេរថា «ព្រមធ្លាក់ប្រជាប្រិយ តែមិនព្រមធ្លាក់នរក ! ស៊ូនិយាយការពិតទោះបីគេខឹងស្អប់ តែមិនព្រមនិយាយកុហកឱ្យគេជោរចូលចិត្ត។ ព្រោះថានិយាយពាក្យពិតទោះបីគេខឹងស្អប់តែយើងទៅឋានសួគ៌ និយាយកុហកទោះបីគេជោរចូលចិត្តតែយើងទៅនរក»។ ក្នុងន័យនេះគឺអ្នកនាងចង់មានន័យថា បើទោះបីជាមានមនុស្សមួយចំនួនហាក់ពុំយល់ស្របតាមការលើកឡើងរបស់អ្នកនាង ដែលថាអ្នកនាងដូចជាមើលស្រាលទៅលើជំនឿរបស់ពួកគេក៏ពិតមែន ប៉ុន្តែការលើកឡើងនេះគឺជាសេចក្តីពិត ព្រោះនៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមិនបានបង្រៀនមនុស្សឲ្យជឿទៅលើជំនឿដែលឥតហេតុផលនិងហួសហេតុពេកនោះទេ គឺព្រះពុទ្ធទ្រង់បានបង្រៀនមនុស្សឲ្យជឿលើសេចក្តីល្អ ធ្វើល្អបានល្អ និងជៀសវាងអំពើឧបាយមុខទាំង៥ប្រការ ក្នុងនោះក៏បានហាមប្រាមមនុស្សមិនឲ្យកុហកភូតភរអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះទេ។

អ្នកនាងក៏បានបញ្ជាក់ថា អ្នកនាងគឺបាននិយាយតាមការពិតគ្រប់យ៉ាងពីក្នុងសង្គមខ្មែរបច្ចុប្បន្ន និងមិនគាំទ្រជាដាច់ខាតចំពោះសេចក្តីកុហកបោកប្រាស់គ្រប់ទម្រង់ បើទោះបីជាការបង្ហោះនេះអាចនឹងមានអ្នកស្អប់ខ្លះ អ្នកស្រលាញ់ចូលចិត្តខ្លះក៏ពិតមែន ប៉ុន្តែអ្នកនាងមិនព្រមក្បត់មនសិការខ្លួនឯងជាដាច់ខាត គឺធ្វើយ៉ាងណាដើម្បីឲ្យសង្គមខ្មែរកាន់តែល្អប្រសើរឡើង និងដើម្បីឲ្យប្រជាជនខ្មែរបានបើកភ្នែកបើកត្រជៀក ក៏ដូចជាមានយល់ដឹងច្រើនជាងមុន ដោយអ្នកនាងព្រមឲ្យខ្លួនធ្លាក់ប្រជាប្រិយភាព តែមិនព្រមចុះនរកព្រោះតែនិយាយពាក្យកុហកលើកជើងពួកបោកប្រាស់មួយចំនួនដើម្បីឲ្យតែខ្លួនឯងបានល្បីនោះទេ៕May be an image of 1 person and text