ត្រីបាណន់គីង្គក់ ឬWhale Shark មួយក្បាល ត្រូវបានក្រុមល្បាតជលផល និងសហគមន៍នេសាទ ប្រទះឃើញ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥:១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)។ ភាគច្រើនវត្តមានត្រីនេះ គេតែងឃើញនៅសមុទ្រថៃ ឥណ្ឌូនេណស៊ី ហ្វីលីពីន ចិន អូស្រ្តាលី និងមួយចំនួនធំនៅទ្វីបអាមេរិក។
ត្រីបាណន់គីង្គក់ ឬWhale Shark ជាប្រភេទត្រីធំជាងគេមួយក្នុងសមុទ្រ ដែលជាទូទៅ ត្រីនេះស៊ីកូនបង្គា មឹក និងកូនត្រី។ ត្រីនេះមានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ និងចាប់បន្តពូជនៅអាយុ៣០ឆ្នាំ៕









