បរទេស៖ អូស្ត្រាលីបានប្រកាសផែនការកាត់បន្ថយអន្តោប្រវេសន៍ពាក់កណ្តាលក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងការរឹតបន្តឹងច្បាប់ទិដ្ឋាការសម្រាប់និស្សិតអន្តរជាតិ។
យោងតាមយុទ្ធសាស្ត្រអន្តោប្រវេសន៍រយៈពេល ១០ ឆ្នាំដែលបានប្រកាសដោយប្រទេសអូស្ត្រាលីនៅថ្ងៃទី ១១ ខែធ្នូថា តម្រូវការវិញ្ញាបនបត្រភាសាអង់គ្លេសសម្រាប់និស្សិតអន្តរជាតិនឹងត្រូវបានលើកឡើងដល់កម្រិតខ្ពស់បំផុត។ ជាពិសេស អ្នកដាក់ពាក្យសុំទិដ្ឋាការសិស្សនឹងត្រូវសម្រេចបាន IELTS ៦.០ ជំនួសឱ្យ ៥.៥ លើសកាលពីមុន។ រីឯអ្នកដាក់ពាក្យសុំទិដ្ឋាការក្រោយឧត្តមសិក្សានឹងត្រូវការសម្រេចបាន IELTS ៦.៥ ជំនួសឱ្យ ៦.០។
លោកស្រី Clare O’Neil រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអូស្ត្រាលីបាននិយាយថា៖ «យុទ្ធសាស្ត្ររបស់យើងនឹងនាំឱ្យចំនួនអន្តោប្រវេសន៍ត្រឡប់មកធម្មតាវិញ ខណៈដែលស្ថានភាពអន្តោប្រវេសន៍កាលពីឆ្នាំ ២០២២ និង ២០២៣ កើនឡើងយ៉ាងខ្លាំង» ដែលនេះនឹងអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសអូស្ត្រាលី។ លោកស្រី O’Neil បានបន្តទៀតថាការកើនឡើងនៃអន្តោប្រវេសន៍ភាគច្រើនសុទ្ធតែនិស្សិតអន្តរជាតិ។![]()
កាលពីឆ្នាំមុន ប្រទេសអូស្ត្រាលីបានបង្កើនចំនួនជនអន្តោប្រវេសន៍ដើម្បីជួយអាជីវកម្ម ក៏ដូចជាបំពេញការខ្វះខាតបុគ្គលិក បន្ទាប់ពីជំងឺរាតត្បាត Covid-19 ដោយលំហូរចូលភ្លាមៗនៃពលករបរទេស និងនិស្សិតអន្តរជាតិបានបង្កើនសម្ពាធលើទីផ្សារជួលដែលកំពុងតានតឹងរួចមកហើយ ចំពេលមានការកើនឡើងនៃភាពគ្មានផ្ទះសម្បែងផងដែរ។ ការស្ទង់មតិមួយដែលត្រូវបានចេញផ្សាយដោយ Sydney Morning Herald នៅថ្ងៃទី ១១ ខែធ្នូបាននិយាយថា ចំនួនជនអន្តោប្រវេសន៍នៅក្នុងប្រទេសអូស្រ្តាលីមានទំហំធំពេក ដែលអាចធ្វើឱ្យប៉ះពាល់ដល់អនាគតរបស់ប្រទេសនេះ។![]()
គួរបញ្ជាក់ដែរថា បច្ចុប្បន្នជនអន្តោប្រវេសន៍ និងជនចំណាកស្រុក ក៏ដូចជានិស្សិតអន្តរជាតិបានឈានដល់កម្រិតកំពូលចំនួន ៥១០,០០០ នាក់ក្នុងឆ្នាំ ២០២២-២០២៣។ ទោះជាយ៉ាងណាក៏ដោយ យោងតាមទិន្នន័យបានបង្ហាញថាចំនួននេះនឹងធ្លាក់ចុះដល់ ២៥០,០០០ ក្នុងឆ្នាំ ២០២៤ រហូតដល់ ២០២៦ ដោយសារការរឹតបន្តឹងច្បាប់ទិដ្ឋាការថ្មីរបស់ប្រទេសអូស្ត្រាលីសម្រាប់និស្សិតអន្តរជាតិ និងជនអន្តោប្រវេសន៍៕










