ប្រទេសចិន ៖ អ្នកគ្រូម្នាក់បានស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលខ្លួនត្រូវបានសន្តិសុខហាមចេញក្រៅសាលារៀន បន្ទាប់ពីអ្នកគ្រូបានបំពេញការងារចប់សព្វគ្រប់ ។ មិនតែប៉ុណ្ណោះ សន្តិសុខថែមទាំងបានប្រាប់ឱ្យអ្នកគ្រូទូរស័ព្ទទៅអាណាព្យាបាលមកទទួលយកទៅផ្ទះទៀតផង ។ ហេតុការណ៍នេះកើតឡើង ដោយសារអ្នកគ្រូមានមុខមាត់ក្មេងខ្លាំងដូចកូនសិស្ស ទើបបណ្តាលឱ្យសន្តិសុខសាលាយល់ច្រឡំបែបនេះ ។
សារព័ត៌មាន Toutiao Today រាយការណ៍ថា អ្នកគ្រូម្នាក់នៅខេត្ត Jiangsu ប្រទេសចិន បានត្រៀមខ្លួនចេញពីសាលារៀន ក្រោយពីគាត់បានបំពេញការងារចប់រហូតដល់ព្រលប់ ប៉ុន្តែដោយសារមុខមាត់របស់គាត់ក្មេងពេកធ្វើឱ្យសន្តិសុខយល់ខុសថា គាត់ជាកូនសិស្ស ហើយសន្តិសុខក៏បានប្រាប់មិនឱ្យគាត់ចេញក្រៅសាលារៀនទេ ។ លើសពីនេះ សន្តិសុខបានប្រាប់ឱ្យគាត់ទូរស័ព្ទហៅអាណាព្យាបាលមកទទួល ទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះបាន ។.jpg?ip/resize/w728/q80/jpg)
ពេលឮដូច្នោះ អ្នកគ្រូបានព្យាយាមពន្យល់ឱ្យសន្តិសុខស្តាប់ថា ការពិត គាត់ជាគ្រូបង្រៀននៅសាលានេះ ហើយគាត់មិនមែនជាកូនសិស្សទេ ។ ប៉ុន្តែការពន្យល់ទាំងនេះមិនទទួលបានលទ្ធផលទេពីដំបូង ពីព្រោះសន្តិសុខនៅតែមិនជឿថា គាត់ជាគ្រូបង្រៀន ។
ក្រោយមកទៀត សន្តិសុខក៏ប្រាប់ឱ្យអ្នកគ្រូទៅរង់ចាំក្នុងថ្នាក់រៀនសិន និងបញ្ជូនរូបថតរបស់អ្នកគ្រូទៅសួរសន្តិសុខផ្សេងទៀតក្នុងសាលារៀន ។ ចុងក្រោយ សមាជិកនៅក្រុម Chat ក្នុងបណ្តាញសង្គមបានជួយដោះស្រាយស្ថានការណ៍នេះ និងបញ្ជាក់ថា គាត់ជាគ្រូបង្រៀនពិតមែន ទើបសន្តិសុខយល់ព្រមឱ្យគ្រូបង្រៀនម្នាក់នេះចេញពីសាលា និងធ្វើដំណើរទៅផ្ទះ ។
រឿងរ៉ាវនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងនោះអ្នកខ្លះនិយាយថា ៖ «សន្តិសុខរូបនេះពិតជាមានគុណសម្បត្តិក្នុងការងារមែន» ។ រីឯអ្នកលេងបណ្តាញសង្គមខ្លះទៀតនិយាយថា ៖ «សន្តិសុខរូបនេះមានភាពទទួលខុសត្រូវខ្ពស់ គួរតែដំឡើងប្រាក់ខែឱ្យគាត់» ។
ក្រៅពីនេះ អ្នកខ្លះបានលើកឡើងពីអ្នកគ្រូថា ៖ «អ្នកគ្រូមើលទៅស្រស់ស្អាតណាស់ ហើយមុខមាត់របស់គាត់ដូចកូនសិស្សដែរ» ។ អ្នកខ្លះទៀតថា ៖ «នៅខាងក្រៅ នាងធ្វើជាខឹង តែការពិត នៅក្នុងខ្លួនមានក្តីសុខ» ។ អ្នកបញ្ចេញមតិចុងក្រោយនិយាយថា ៖ «មើលទៅគាត់ដូចកូនសិស្សខ្លាំងណាស់ មិនចម្លែកចិត្តទេ ដែលសន្តិសុខយល់ខុសបែបនេះ» ៕ ប្រភព ៖ mgronline










