តាមការឱ្យដឹងពីលោកស្រី ប៊ុន ចាន់និមល អគ្គនាយិការបស់ផលិតកម្ម Sastra Film បានលើកឡើងថាភាពយន្តខ្មែរ «ម៉ែក្រឡាភ្លើង» បានបំបែកកំណត់ត្រាចាក់បញ្ចាំងនៅប្រទេសកម្ពុជាជាភាពយន្តខ្មែររកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការចាក់បញ្ចាំងរឿងខ្មែរថែមទាំងដណ្តើមបានតារាងលេខ១ទាំងភាពយន្តជាតិនិងអន្តរជាតិដែលបានបញ្ចាំងក្នុងរោងកុននៅប្រទេសកម្ពុជា។
ស្នាដៃកូនខ្មែរពិតជាមិនអន់ប៉ុន្មាននោះហើយភាពយន្តខ្មែរក៏មិនចាញ់ភាពយន្តបរទេសនោះដែរបន្ទាប់ពីភាពយន្តខ្មែរមួយមានចំណងជើងថា «ម៉ែក្រឡាភ្លើង» របស់ផលិតកម្ម Sastra Film វាយលុកទីផ្សារបានដោយជោគជ័យរហូតក្លាយជាភាពយន្តរកចំណូលបានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តនៃការចាក់បញ្ចាំងរឿងខ្មែរ។
នៅលើបណ្តាញសង្គមរបស់អគ្គនាយិការបស់ផលិតកម្ម Sastra Film លោកស្រី ប៊ុន ចាន់និមល នាយប់ថ្ងៃទី៧ ធ្នូ បានឱ្យដឹងថាការគាំទ្រដ៏ច្រើនលើសលុបពីសំណាក់ទស្សនិកជនបានធ្វើឱ្យភាពយន្ត «ម៉ែក្រឡាភ្លើង» ក្លាយជាភាពយន្តខ្មែរដំបូងបំផុតបំបែកកំណត់ត្រាចាក់បញ្ចាំងនៅប្រទេសកម្ពុជាជាភាពយន្តដែលរកចំណូលបានខ្ពស់បំផុតហើយជាភាពយន្តដែលលក់សំបុត្របានច្រើនបំផុតនៅក្នុងប្រវត្តិនៃការចាក់ផ្សាយភាពយន្តខ្មែរនៅប្រទេសកម្ពុជា។
លោកស្រី បន្ថែមថា នៅក្នុងឆ្នាំនេះ «ម៉ែក្រឡាភ្លើង» បានដណ្តើមតារាងលេខមួយជាមួយភាពយន្តទាំងអស់ទាំងអន្តរជាតិនិងជាតិ។ អ្វីដែលកាន់តែរំភើបជំនួសផលិតករខ្មែរ ភាពយន្តនេះកំពុងត្រូវបានចរចាយកទៅចាក់បញ្ចាំងក្រៅស្រុកជាច្រើនប្រទេសផងដែរ។ ទោះយ៉ាងណាលោកស្រីពុំបានបញ្ជាក់ពីតួលេខនៃចំណូលដែលភាពយន្តនេះរកបាននោះទេ។
ភាពយន្ដ រឿង”ម៉ែក្រឡាភ្លើង” បានសម្ពោធដាក់បញ្ចាំងគ្រប់រោងភាពយន្ដកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលសាច់រឿងបានឆ្លុះបញ្ចាំងពីអបិយជំនឿខ្មែរ រួមទាំងទឹកចិត្តមហិមារបស់ម្តាយនៅតែតាមថែរក្សាកូនទោះបីជាស្លាប់ទៅជាខ្មោចហើយក៏ដោយដែលធ្វើឱ្យទស្សនិកជនទស្សនាហើយកំសត់ស្រក់ទឹកភ្នែក៕










