បរទេស៖ សត្វអណ្តើក Jonathan មានដើមកំណើតនៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិកសហរដ្ឋអាមេរិក ជាមួយនឹងអាយុ ១៩១ឆ្នាំ ដោយបច្ចុប្បន្នវាមានសុខភាពល្អខ្លាំងណាស់។
យោងតាមគេហទំព័រ Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែធ្នូថា អណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើពិភពលោកនេះបានឈានដល់អាយុ ១៩១ ឆ្នាំហើយ ដោយវាបានបន្តងារជាសត្វដែលរស់នៅលើគោកបានយូរបំផុតរបស់ផែនដី។ សត្វអណ្តើកយក្សពូជ Seychelles មានឈ្មោះថា Jonathan បានរស់នៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីឆ្នាំ ១៨៨២ មកម្លេះ។ បន្ទាប់មកអណ្តើកនេះត្រូវបានគេចាប់វាប្រគល់ឱ្យអភិបាលនាសម័យនោះដើម្បីចិញ្ចឹម។
តាមការស្រាវជ្រាវបានឱ្យដឹងថា អណ្តើក Jonathan បានកើតនៅក្នុងឆ្នាំ ១៨៣២ មានន័យថាពេលវាបានមកដល់កោះ Saint Helena អណ្តើកយក្សនេះគឺមានអាយុ ៥០ឆ្នាំហើយ។ អាយុប៉ាន់ស្មានរបស់វាត្រូវបានបញ្ជាក់ដោយរូបថតចាស់ៗដែលថតបានប្រហែលឆ្នាំ ១៨៨២ – ១៨៨៦ ដែលរូបថតនោះបង្ហាញពីអណ្តើកយក្ស Jonathan ស៊ីស្មៅនៅក្នុងសួនច្បារនៃវិមានរបស់លោក William Grey-Wilson អភិបាលនៃកោះ Saint Helena ។ យោងតាម Guardian បានឱ្យដឹងទៀតថា អណ្តើកនេះត្រូវបានផ្តល់ខួបកំណើតជាផ្លូវការនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៨៣២។
បច្ចុប្បន្នអណ្តើក Jonathan ទទួលបានកំណត់ត្រាពិភពលោក Guinness World Records (GWR) ចំនួនពីរសម្រាប់សត្វលើគោកដែលរស់នៅបានយូរបំផុត និងជាអណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើផែនដី។ វាក៏ទទួលបានងារជាថនិកសត្វដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន៕










