នៅក្នុងភាគទី១០ ពីកម្មវិធី Squid Game: The Challenge អ្នកប្រកួតមានលេខ 287 ឈ្មោះថា Mai Whelan អាយុ៥៥ឆ្នាំបានយកឈ្នះ អ្នកប្រកួតលេខ 016 និងអ្នកប្រកួតលេខ 451 ដើម្បីយករង្វាន់ខ្ពស់បំផុតដល់ទៅផ្ទះវិញជាមួយប្រាក់រង្វាន់៤.៥៦ លានដុល្លារពីការប្រកួតនេះខណៈអ្នកប្រកួតរូបនេះបញ្ជាក់ប្រាប់ថាខ្លួនមានដើមកំណើតមកពីប្រទេសវៀតណាម។
នៅចុងបញ្ចប់នៃកម្មវិធីខាងលើនេះអ្នកប្រកួតឈ្មោះ Mai បាននិយាយថា «ព្រឹត្តិការណ៍នេះបញ្ជាក់ថា អ្វីៗអាចកើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ខកចិត្ត និងភ័យខ្លាច អ្នកត្រូវតែជ្រើសរើសខ្លួនឯងឱ្យក្លាយជាមនុស្សដែលរឹងមាំ និងផ្តោតអារម្មណ៍។ ទោះបីជាអ្នកខ្លាចអ្វីក៏ដោយ ចូរតស៊ូជាមួយនឹងអ្វីដែលអ្នកមាន ហើយអ្នកអាចសម្រេចបានអ្វីទាំងអស់»។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា Mai បានឈ្នះដោយសារសមត្ថភាពរបស់ខ្លួនក្នុងការសង្កេតដោយប្រុងប្រយ័ត្ននូវភាសាកាយវិការរបស់គូប្រជែងខណៈអ្នកប្រកួតមានលេខ 278 បានសរសើរថា “Mai ឆ្លាតណាស់” ហើយបាននិយាយថាការរីកចំរើនរបស់ Mai គឺជា “ការដាស់តឿនសម្រាប់អ្នករាល់គ្នា”។
នៅក្នុងវគ្គដំបូង Mai មិនសូវលេចធ្លោទេ ប៉ុន្តែបន្តិចម្ដងៗអ្នកប្រកួតលេខ287 បន្តបង្ហាញពីភាពប៉ិនប្រសប់របស់ខ្លួនតាមរយៈជុំដែលទាមទារការអត់ធ្មត់ និងការវិនិច្ឆ័យត្រឹមត្រូវ។ ក្នុងវគ្គមួយ Mai បាននិយាយថា ខ្លួននឹងទិញផ្ទះល្វែងមួយប្រសិនបើនាងឈ្នះ។
វគ្គចុងក្រោយចែកចេញជាពីរផ្នែក ភាគច្រើនអាស្រ័យលើសំណាងរបស់អ្នកប្រកួត ខណៈពេលដែលអ្នកប្រកួតលេខ 016 និងអ្នកប្រកួតលេខ 451 ជាមិត្តជិតស្និទ្ធនឹងគ្នា រួបរួមគ្នាដើម្បីឆ្ពោះទៅមុខដោយ Mai ជឿជាក់ថាខ្លួនត្រូវតែយកឈ្នះខ្លួនឯងជាមួយនឹងបំណងប្រាថ្នាចង់ឈ្នះ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនជុំ ទីបំផុត Mai បានទទួលជ័យជម្នះដោយទទួលបានកាតឥណទានដែលមានតម្លៃ ៤.៥៦ លានដុល្លារ។
យោងតាមខ្លឹមសារក្នុងវគ្គចុងក្រោយនៅលើ Netflix ម្ចាស់ជ័យលាភីរូបនេះបាននិយាយថានាងកើតនៅប្រទេសវៀតណាម មកអាម៉េរិកតាំងពីអាយុ ៨ ឆ្នាំ ហើយបច្ចុប្បន្នរស់នៅរដ្ឋ Virginia ។ នៅពេលនាងបានបញ្ចប់វិទ្យាល័យនៅអាយុ ១៨ឆ្នាំ Mai បានចូលបម្រើការងារក្នុងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដោយសារតែចង់គេចពីការការពារដ៏តឹងរ៉ឹងរបស់ឪពុកម្តាយខ្លួន។ ប៉ុន្តែក្រោយមក Mai បានពពោះកូនដំបូងក្នុងអាយុ ១៩ ឆ្នាំ ដោយសារតែរឿងនេះ គ្រួសាររបស់ Mai បានបដិសេធហើយនាងត្រូវមើលថែទារកនោះដោយខ្លួនឯង។ ចាប់ពីពេលនោះមក Mai ត្រូវធ្វើការគ្រប់យ៉ាងដើម្បីចិញ្ចឹមជីវិត។
គូសបញ្ជាក់ថាកម្មវិធី Squid Game: The Challenge មានទាំងអស់ចំនួន ១០ភាគ ឮ ដែលធ្វើត្រាប់តាមស៊េរីរឿងដ៏ល្បីដែលនាំឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក នៅឆ្នាំ២០២១។ កម្មវិធីនេះត្រូវបានថតនៅក្នុងទីក្រុងឡុងដ៍ ដោយមានការចូលរួមពីអ្នកប្រកួតចំនួន ៤៥៦ នាក់៕










