បន្ទាប់ពីពិធីការិនី ថន លក្ខិណា បង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមទិកតុកអមជាមួយកាយវិការស្និទ្ធស្នាលជាមួយតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិមានបំណងឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ខណៈអ្នកមួយចំនួនសង្ស័យថាតារាទាំងពីរដួងនេះកំពុងមានទំនាក់ទំនងស្នេហា។ មិនត្រឹមតែប៉ុណ្ណោះបើក្រឡេកទៅលើបណ្តាញសង្គម ស៊ឹម ច័ន្ទពន្លឺ វិញចាប់តាំងពីប្រលងចម្រៀងមកទល់ពេលនេះរូបលោកបង្ហោះរូបភាពគូជាមួយពិធីការិនីរូបនេះច្រើនជាងគេគួរឱ្យកត់សម្គាល់។
កាលពីពេលថ្មីៗកន្លងទៅនេះកញ្ញា ថន លក្ខិណា ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស និងមានឱកាសក្តោបក្តាប់កម្មវិធីធំៗជាច្រើន បានបង្ហោះវីដេអូខ្លីមួយជាមួយលោក ស៊ឹម ច័ន្ទពន្លឺ ដោយបានដាក់បទចម្រៀងលោក ឆន សុវណ្ណារាជ និងអ្នកនាង ពេជ្រ សោភា មានចំណងជើងថា «ស្រលាញ់អូន 366 ថ្ងៃ»។ មិនត្រឹមតែដាក់បទចម្រៀងផ្អែមល្ហែមតែប៉ុណ្ណោះទេប៉ុន្តែកាយវិការរបស់ ថន លក្ខិណា និង ស៊ឹម ច័ន្ទពន្លឺ ប្រកបដោយភាពស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍។
បន្ទាប់ពីឃើញអ្នកទាំងពីរបញ្ចេញសកម្មភាពដូចនេះហើយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាត អ្នកខ្លះក៏សួរអ្នកទាំងពីរថាពេលណារៀបការ អ្នកផ្សេងទៀតក៏ចង់ឱ្យពួកគេក្លាយជាសង្សារគ្នាព្រោះអ្នកទាំងពីរមិនទាន់ប្រកាសចំណងស្នេហ៍នៅឡើយ រីឯអ្នកមួយចំនួនផ្តើមសង្ស័យថាកញ្ញា លក្ខិណា និងលោកគ្រូពេទ្យសង្ហារូបនេះមានទំនាក់ទំនងលើសពីនេះ។
ស្របពេលមានអ្នកគាំទ្រមួយចំនួនសង្ស័យពីទំនាក់ទំនងនោះខាងកញ្ញា ថន លក្ខិណា បានចូលទៅឆ្លើយតបថា គ្រាន់តែជាការសម្តែង ថតលេងប៉ុណ្ណោះ ខណៈមួយគូនេះត្រូវអ្នកគាំទ្រលើកឡើងថាពួកគេទាំងពីរនាក់សមគ្នាខ្លាំង។
ជាមួយគ្នានេះដែរជុំវិញមានការសង្ស័យពីអ្នកគាំទ្រក្រឡេកទៅមើលបណ្តាញសង្គមរបស់លោក ស៊ឹម ច័ន្ទពន្លឺ វិញ មនុស្សស្រីដែលលោកបង្ហោះច្រើនជាងគេគឺជាពិធីការិនី ថន លក្ខិណា ចាប់តាំងពីប្រកួតរហូតមកដល់បច្ចុប្បន្នក្លាយជាតារាចម្រៀងប្រចាំហង្សមាស។ យ៉ាងណាមិញទំនាក់ទំនងអ្នកទាំងពីរអ្នកគាំទ្រពុំទាន់អស់សង្ឃឹមនៅឡើយទេព្រោះអនាគតអ្នកទាំងពីរគ្រាន់តែជាមិត្តរួមអាជីពសិល្បៈឬលើសពីនេះមិនទាន់ច្បាស់នៅឡើយ៕










