វេលាថ្ងៃមង្គលនៃគូស្វាមីភរិយាថ្មីរបស់លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល កាន់តែកៀកមែនទែនហើយដោយថ្ងៃទី២៩ នេះកូនកំលោះបានយកវ៉ាលីដើម្បីមកផ្ទះកូនក្រមុំ។ មុននឹងចូលទៀតសោតក៏មានអ្នកកាន់ខ្សែបូពណ៌ក្រហមឃាំងផ្លូវលោក រាជ្ជសាល ផងដែរលុះត្រាតែផ្តល់ជាអាំងប៉ាវទើបបើកផ្លូវឱ្យចូលទៅផ្ទះកូនក្រមុំ។ ទោះបីជាអនាគតស្វាមីលោកស្រី ទ្រី ដាណា កាន់វ៉ាលីចូលទៅក្នុងផ្ទះមែនប៉ុន្តែលោកមិនទាន់បានចូលក្នុងបន្ទប់គ្រួសារនៅឡើយទេគឺត្រូវស្នាក់នៅបន្ទប់ទទួលភ្ញៀវសិន។
នៅលើបណ្តាញសង្គមរបស់លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយអារម្មណ៍និងពាក្យពេចន៍ថា «ស្វាគមន៍សមាជិកថ្មី បងសាល ថ្ងៃនេះជាថ្ងៃល្អ ជាថ្ងៃដែលបងសាល ចូលមកនៅត្រៀមសម្រាប់ពិធីមង្គលការពួកយើងថ្ងៃទី៣ ខាងមុខនេះ»។
នៅក្នុងវីដេអូវិញគេបានឃើញលោក រស់ រាជ្ជសាល ត្រូវឆ្លងកាត់២តង់និងជូនអាំងប៉ាវទៅអ្នកកាន់ខ្សែបូ ទើបបានជួបលោកស្រី ទ្រី ដាណា ដោយគូស្នេហ៍នេះឱបថើបគ្នាដោយអារម្មណ៍រំភើប។ បន្ទាប់មកលោកស្រី ទ្រី ដាណា បាននាំកូនកំលោះទៅជាន់ខាងលើប៉ុន្តែមិនបានចូលទៅក្នុងបន្ទប់កូនក្រមុំទេ គឺនាំទៅបន្ទប់ទទួលភ្ញៀវសិន ខណៈមុនចូលក៏ត្រូវឆ្លងកាត់ខ្សែបូដូចគ្នា។
បន្ទាប់ពីឃើញវីដេអូនេះរួច អ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនបង្ហាញពីអារម្មណ៍រំភើបនិងជូនពរឱ្យគូស្នេហ៍មួយគូនេះមានសុភមង្គលច្រើនៗ។
គួរបញ្ជាក់ថាថៅកែពេជ្រ ទ្រី ដាណា និងចូលរោងជ័យជាមួយលោក រស់ រាជ្ជសាល នាថ្ងៃទី៣ ខែធ្នូ ខាងមុខនេះដោយអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរបានអញ្ជើញតារាល្បីៗជាច្រើនរូបចូលរួម។ ក្នុងនោះលោកស្រី ទ្រី ដាណា និងអនាគតស្វាមីក៏បានទៅគោរពអញ្ជើញលោកជំទាវ ហ៊ុន ស៊ីណាត ធ្វើជាអ្នកដឹកដៃក្នុងថ្ងៃមង្គលផងដែរ៕










