បរទេស៖ កម្មករទាំង ៤១ នាក់ត្រូវបានកងកម្លាំងជួយសង្គ្រោះពីផ្លូវរូងក្រោមដីក្នុងប្រទេសឥណ្ឌាដោយជោគជ័យ បន្ទាប់ពីជាប់គាំងអស់រយៈពេល ១៧ ថ្ងៃក្នុងរដ្ឋ Uttarakhand ។
យោងតាមគេហទំព័រ Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា កម្មករចំនួន ៤១ នាក់ត្រូវបានកងកម្លាំងជួយសង្គ្រោះដោយជោគជ័យនៅម៉ោង ៧:០៥ នាទី ហើយរថយន្តសង្គ្រោះបានដឹកពួកគេទៅកាន់មន្ទីរពេទ្យដែលមានចម្ងាយ ៣០ គីឡូម៉ែត្រពីកន្លែងកើតហេតុដើម្បីព្យាបាល បន្ទាប់ពីជាប់គាំងអស់រយៈពេល ១៧ ថ្ងៃ។ ក្នុងរយៈពេល ១៧ ថ្ងៃកន្លងមកនេះ មន្ត្រីឥណ្ឌា បានដាក់ពង្រាយផែនការជាច្រើនក្នុងការជួយសង្គ្រោះជនរងគ្រោះ ប៉ុន្តែបានជួបប្រទះការលំបាកជាច្រើនដោយសារតែស្ថានភាពដី និងអាកាសធាតុ។ ហេតុនេះហើយ ទើបក្រុមអ្នកជួយសង្គ្រោះបានជីក និងដំឡើងបំពង់តូចចំនួនពីរ ដើម្បីផ្តល់អុកស៊ីសែន ទឹក និងអាហារដល់ក្រុមកម្មករ។
គួររំលឹកដែរថា កាលពីថ្ងៃទី១២ ខែវិច្ឆិកាកន្លងទៅនេះ កម្មករចំនួន ៤១ នាក់បានជាប់នៅក្រោយផ្លូវរូងក្រោមដី ដោយសារការបាក់រលំថ្មជាច្រើននៅពេលកំពុងសាងសង់នៅភ្នំហិមាល័យ ខណៈដែលតំបន់នេះតែងជួបប្រទះនឹងការបាក់ដី ការរញ្ជួយដី និងទឹកជំនន់។លោក Nitin Gadkari រដ្ឋមន្ត្រីដឹកជញ្ជូនឥណ្ឌា បាននិយាយថា “យើងមានអារម្មណ៍ធូរស្រាល និងសប្បាយចិត្តទាំងស្រុង ដែលកម្មករ ៤១ នាក់ជាប់នៅក្នុងផ្លូវរូងក្រោមដី Silkyara ត្រូវបានជួយសង្គ្រោះដោយជោគជ័យ” ។ “នេះជាកិច្ចខិតខំប្រឹងប្រែងរបស់ភ្នាក់ងារចម្រុះដែលមានការសម្របសម្រួលយ៉ាងល្អ ដែលជាប្រតិបត្តិការសង្គ្រោះដ៏ធំបំផុតមួយនាពេលថ្មីៗនេះ”។ ទោះជាយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិតបានព្រមានថាកម្មករអាចនឹងជួបប្រទះជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត (PTSD) ។

គួរបញ្ជាក់ដែរថា ផ្លូវរូងក្រោមដីដែលកម្មករជាប់គាំងនោះ គឺជាផ្នែកមួយនៃគម្រោង Char Dham Expressway តម្លៃ ១.៥ ពាន់លានដុល្លារ ដែលជាគម្រោងមហិច្ឆតាបំផុតមួយរបស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលមានបំណងតភ្ជាប់ទីតាំងទេសចរណ៍ចំនួន ៤ ទៅកាន់ស្រុកកំណើតរបស់ហិណ្ឌូតាមរយៈប្រព័ន្ធផ្លូវប្រវែង ៨៩០ គីឡូម៉ែត្រ៕











