បរទេស៖ គូស្នេហ៍ដ៏ល្បីល្បាញគឺលោក Justin និង Hailey Bieber បានចាប់ដៃគ្នារៀបការតាំងពីឆ្នាំ ២០១៨ ដែលគិតមកដល់បច្ចុប្បន្នគឺ ៥ឆ្នាំហើយ ដោយពួកគេក៏បានប្រារព្ធខួបអាពាហ៍ពិពាហ៍ជាលើកទី ៥ របស់ពួកគេកាលពីខែកញ្ញាកន្លងទៅផងដែរ។
ថ្មីៗនេះ មានអ្នកគាំទ្រជាច្រើនបានចោតសួរ Hailey ដែលជាភរិយារបស់ Justin Bieber ថាហេតុអ្វីបានជានាងរៀបការយូរហើយមិនទាន់មានកូនអញ្ចឹង? ឬមួយនាងមិនចង់មានកូនជាមួយ Justin? ភ្លាមៗនោះ Hailey Bieber ក៏បាននិយាយបកស្រាយចម្ងល់របស់មនុស្សជាច្រើនដែលបានចោតសួរនាងផងដែរថា “តាមពិតទៅនាងពិតជាចង់មានកូនខ្លាំងណាស់ ប៉ុន្តែនាងខ្លាចការមានកូន ព្រោះខ្លាចកូនរងគ្រោះ ដោយសារឪពុកម្តាយជាមនុស្សល្បី”។:max_bytes(150000):strip_icc()/shutterstock_editorial_12880701ksq-ca8b027d177848e0abf055b922619266.jpg)
Hailey ក៏បានបន្តទៀតថា នាងនិងស្វាមីរបស់នាងតែងតែទទួលរងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃពីមនុស្សនៅលើបណ្តាញសង្គម ដូច្នេះនាងមិនអាចដោះស្រាយមតិរិះគន់ទាំងអស់នោះទេនៅពេលដែលនាងមានកូន ហើយនាងក៏មិនចង់ឱ្យកូនរបស់នាងរងគ្រោះដោយសារពួកគេទេ។ តារាម៉ូដែលវ័យ ២៧ ឆ្នាំរូបនេះក៏បានបន្ថែមទៀតថា “នាងនៅតែចង់មានកូន ប្រហែលជានៅ ៥ ឆ្នាំខាងមុខទៀតបើអាច” ហើយប្រសិនបើពេលវេលានោះមកដល់ ក្នុងនាមជាម្ដាយ នាងនឹងព្យាយាមធ្វើឱ្យអស់ពីសមត្ថភាព ដើម្បីចិញ្ចឹមនិងការពារកូនៗរបស់នាងឱ្យមានអារម្មណ៍សុវត្ថិភាពពីគ្រួសាររបស់ពួកគេ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីតារាម៉ូដែលរូបនេះ និង Justin Bieber បានទាក់ទងគ្នាក៏ដូចជាចាប់ដៃគ្នារៀបការនៅខែតុលា ឆ្នាំ ២០១៨ ទំនាក់ទំនងរបស់ពួកគេបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងពីសំណាកមនុស្សជាច្រើននៅក្នុងបណ្តាញសង្គម។ មូលហេតុដែលមនុស្សជាច្រើនមិនពេញចិត្ត Hailey គឺដោយសារកាលពីដើមឆ្នាំ ២០២៣ នេះ Hailey និងមិត្តរបស់នាង Kylie Jenner មានជម្លោះជាមួយ Selena Gomez ដែលជាតារាចម្រៀងពិភពលោក ហើយក៏ជាអតីតសង្សាចាស់របស់ Justin Bieber ផងដែរ។ ហេតុនេះហើយ ទើបធ្វើឱ្យអ្នកគាំទ្រជាច្រើនរបស់ Selena Gomez មានការមិនពេញចិត្ត ក៏ដូចជាធ្វើការរិះគន់យ៉ាងធ្ងន់ធ្ងរ និងគម្រាមកំហែងទៅលើ Hailey Bieber ជារៀងរាល់ថ្ងៃ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នស្ថានភាពរបស់ពួកគេមានភាពល្អប្រសើរជាមួយគ្នាវិញហើយ៕










