ប្រិយមិត្តមួយចំនួនធំបានស្គាល់ហើយថាលោក អ៊ឹម ជីវ៉ា គឺជាសិល្បករមួយរូបនិងបានចាប់អាជីពធ្វើជាអ្នកព័ត៌មានខាងផ្នែកសិល្បៈជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ រហូតទទួលបានពានរង្វាន់ អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២។ អ្វីដែលកាន់តែចាប់អារម្មណ៍តារាចម្រៀង ករុណា ពេជ្រ បានឱ្យដឹងថាលោក អ៊ឹម ជីវ៉ា ពេលនេះមានងារជា ឯកឧត្តម ហើយសូម្បីតែលោកទើបតែដឹងថ្មីៗនេះដូចគ្នា។
នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ករុណា ពេជ្រ ម្ចាស់បទ «អ្នកកំដរ» បានបង្ហោះរូបភាព២សន្លឹកនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា អមជាមួយសំណេរថា «សរសើរ brother អ៊ឹម ជីវ៉ា ឡើងងារ ឯកឧត្តម ពីពេលណា អត់ដែលផុស ឱ្យដឹងសោះ… ទើបដឹង ម្សិលម៉្ងៃ ក្នុងពិធីការក្មួយគាត់បានលឺពិធីការនីប្រកាស ងារ យ៉ាងច្បាស់ … អបអរសាទរ … »។
ការបង្ហោះបែបនេះរបស់លោក ករុណា ពេជ្រ លោក អ៊ឹម ជីវ៉ា ដែលមានងារជា ឯកឧត្តម ក៏បានចូលទៅខម្មិនដែរថា «ហហាហាហា ព្រោះតែស្រលាញ់វិស័យព័ត៌មាន និង វិស័យសិល្បៈ ស្រលាញ់អជីពពិធីករព័ត៌មានបានមិនបង្ហោះ! ឡើងមិនសំខាន់ សំខាន់បើមិនខំរកលុយ គឺដាច់បាយហើយ»។ លោក ករុណា ពេជ្រ បានតបវិញថា «ហេហេហេ មានណា តែនិយាយពិត ចូលចិត្តចរិត និង តម្លៃ បែបហ្នឹង អបអរសាទរ ណា»។
ងាកទៅកាន់បណ្តាញសង្គមរបស់លោក អ៊ឹម ជីវ៉ា វិញបន្ទាប់ពីលោក ករុណា ពេជ្រ បង្ហើបពីងាររបស់ខ្លួនជាឯកឧត្តមហើយ លោកបានបង្ហោះសំណេរភ្ជាប់ជាមួយរូបថតលោកជំទាវ ហ៊ុន ស៊ីណាត ថា «អ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា កុំពុលនិងពាក្យថា «ជំទាវ» កុំពុលនិងពាក្យថា «ឯកឧត្តម» កុំតម្តើងខ្លួននិងពាក្យថា «មេ» កុំក្អេងក្អាងនិងពាក្យថា «ឧកញ៉ា» ហើយកុំហ៊ឺហា របស់ទ្រព្យគេ គោរពអរគុណអ្នកម្តាយ ។ អំពើល្អមិនសាបសូន្យ ដោយក្តីគោរព អ៊ឹម ជីវ៉ា»។
គួរបញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅលោក អ៊ឹម ជីវ៉ា បានទទួលពានរង្វាន់ «អ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២» ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ ដែលប្រគល់ជូនដោយឯកឧត្តម ខៀវ កាញារិទ្ធ រៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា៕










