គូឡាឡាំពួ៖ សមាជិកសភាលោក Tuan Ibrahim Tuan Man បានស្នើឱ្យបុរសមូស្លីមរៀបការជាមួយប្រពន្ធលើសពីមួយ ដើម្បីដោះស្រាយបញ្ហាស្ត្រីជាច្រើនរៀបការយឺត។
យោងតាមប្រភពព័ត៌មាន The Star ដែលបានចុះផ្សាយកាលពីថ្ងៃទី២២ ខែវិច្ឆិកាថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ីមានស្ត្រីនៅលីវជាង ៨.៤ លាននាក់ ដូច្នេះយោងតាមលោក Tuan Ibrahim បាននិយាយថា ការដែលឱ្យបុរសរៀបការប្រពន្ធច្រើននឹងជួយដោះស្រាយបញ្ហាស្ត្រីរៀបការយឺត។ លោក Tuan Ibrahim បានបន្តទៀតថា “ខ្ញុំដឹងថានេះមិនមែនជាដំណោះស្រាយចុងក្រោយទេ ប៉ុន្តែវាអាចដោះស្រាយបញ្ហានៃការរៀបការយឺត ហើយប្រាកដណាស់សមាជិកសភាបក្សប្រឆាំងមួយចំនួនក៏គាំទ្រវាផងដែរ” ។
ទោះជាយ៉ាងណាក៏ដោយ សំណើរបស់លោក Tuan Ibrahim ត្រូវបានមហាជនជាច្រើនបានធ្វើការរិះគន់យ៉ាងខ្លាំង។ លោកមេធាវី Siti Kasim បានធ្វើអត្ថាធិប្បាយថា មានបញ្ហាជាតិសំខាន់ៗជាច្រើន ដែលត្រូវលើកមកពិភាក្សានៅចំពោះមុខរដ្ឋសភា មិនមែនជាបញ្ហានៃការរៀបការយឺតយ៉ាវនោះទេ។ លោក Siti ជឿជាក់ថា លោក Tuan Ibrahim គួរតែសុំទោសស្ត្រី និងបុរសទាំងអស់ ព្រោះគាត់គិតថា ពួកគេមានគំនិតដូចគាត់។
ក្នុងនោះដែរ អង្គការជំនួយស្ត្រី (WAO) បានបញ្ជាក់ថា មុននឹងលើកកម្ពស់ពហុពន្ធភាព ចាំបាច់ត្រូវធានាថា បុរសយល់ច្បាស់អំពីទំនួលខុសត្រូវរបស់ពួកគេចំពោះភរិយាក្នុងការរស់នៅជាមួយគ្នា និងការចិញ្ចឹមកូន។
WAO បានបន្ថែមទៀតថា “នៅក្នុងគ្រួសារ ឬបញ្ហាអាពាហ៍ពិពាហ៍ណាមួយ វាមានសារៈសំខាន់ណាស់ក្នុងការធានានូវតម្រូវការខាងរាងកាយ និងខាងវិញ្ញាណរបស់គ្រួសារ ជាពិសេសសម្រាប់ស្ត្រី និងកុមារ ក្រុមដែលងាយរងគ្រោះ” ។
គួរបញ្ជាក់ដែរថា ច្បាប់ឥស្លាមរបស់ប្រទេសម៉ាឡេស៊ីអនុញ្ញាតឱ្យបុរសអាចរៀបការជាមួយប្រពន្ធបានរហូតដល់ ៤ នាក់ ប៉ុន្តែទាមទារការយល់ព្រមពីតុលាការឥស្លាមរបស់រដ្ឋនីមួយៗសម្រាប់អាពាហ៍ពិពាហ៍នីមួយៗបន្ទាប់ពីអាពាហ៍ពិពាហ៍លើកដំបូង។ សម្រាប់អ្នកមិនមែនជាមូស្លីម ពហុពន្ធភាពត្រូវបានហាមឃាត់នៅក្រោមច្បាប់អាពាហ៍ពិពាហ៍សហព័ន្ធម៉ាឡេស៊ីឆ្នាំ ១៩៧៦៕










