តារាចម្រៀងពន្លកថ្មី លីម តិចម៉េង បាននិយាយនៅក្នុងការ Live កាលពីពេលថ្មីៗនេះថា ពេលខ្លួនមានជីវភាពលំបាកតោកយ៉ាកគ្មានអ្នករាប់រក គ្មានអ្នកនឹកនាទេ ប៉ុន្តែពេលចាប់ផ្តើមមានកេរ្តិ៍ឈ្មោះមិនខ្វះសាច់ញាតិរាប់រកឡើយទាំងដែលកាលពីមុនមិនស្គាល់មុខសោះ។ ពាក្យសម្តីដ៏ចាក់ដោតនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការពេញចិត្តយ៉ាងខ្លាំងរហូតមានការចែករំលែករាប់ម៉ឺននាក់។
លីម តិចម៉េង ម្ចាស់ពាន Cambodian Idol រដូវកាលទី៤ បាន Live នៅលើបណ្តាញសង្គមកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ដោយបានជជែកកម្សាន្តជាមួយអ្នកគាំទ្ររបស់ខ្លួនរយៈពេល១ម៉ោង។ ត្រង់ពាក្យសម្តីរបស់លោកនិយាយថាពេលខ្លួនក្រលំបាកគ្មានញាតិរាប់រក ពេលចាប់ផ្តើមជោគជ័យមិនខ្វះសាច់ញាតិ ត្រូវបានគេកាត់ត្រង់ចំណុចនេះយកមកបង្ហោះឡើងវិញហើយត្រូវបានអ្នកលេងបណ្តាញសង្គមស៊ែររាប់ម៉ឺននាក់ព្រោះពាក្យសម្តីនេះពិតជាចាក់ដោតខ្លាំងណាស់ ដោយសង្គមជាក់ស្តែងកើតឡើងបែបនេះមែន។
វីដេអូនោះ តិចម៉េង បាននិយាយថាទស្សនិកជនស្គាល់លោកថាជាបេក្ខភាព Cambodian Idol មានកេរ្តិ៍ឈ្មោះខ្លះៗ ហើយបងប្អូននៅភ្នំពេញចាប់ផ្តើមមាន អ៊ី ធា ពូ ផ្តើមមានហើយទាំងដែលលោកមិនដែលស្គាល់សោះហើយថែមទាំងមិនដែលឃើញមុខទៀត ប៉ុន្តែកំឡុងពេលលោកតោកយ៉ាកនៅភ្នំពេញ គ្មានអ្នកណាស្គាល់លោកជាបងប្អូន ជាក្មួយនោះទេ។ តារាចម្រៀងរូបនេះលើកឡើងទៀតថា ជីវិតទាល់តែជោគជ័យ ទាល់តែមានបាន ទាល់តែមានមុខ ទាល់តែមានកិត្តិយស ទាល់តែមានតម្លៃ បានមានញាតិរាប់រក ហើយនេះគឺជាភាពជាក់ស្តែងកើតឡើង៩០%ហើយដែលកើតមានដូច្នេះត្រូវតែប្រយ័ត្ន រឹងមាំ និងហ៊ានប្រឈមមុខ។
មិនត្រឹមតែមហាជនពេញចិត្តចំពោះពាក្យសម្តី លីម តិចម៉េង ខាងលើនេះប៉ុណ្ណោះទេ តែអ្នកគាំទ្រក៏ពេញចិត្តពាក្យសម្តីរបស់ តិចម៉េង ត្រង់ចំណុចលើកឡើងថាធ្វើជាមនុស្សកុំភ្លេចកំណើត ភ្លេចគុណធម៌ជីវិត កាលណាមានសម្រស់ កេរ្តិ៍ឈ្មោះ ឡូយឆាយហើយបែរជាមានអត្តចរិតក្រអើតក្រទម មានមោទនភាពលើខ្លួនឯងជ្រុលមិនយូរទេនឹងបាត់បង់ទៅវិញ។
គួរបញ្ជាក់ផងដែរថា រយៈពេលជាង១ឆ្នាំលើអាជីពសិល្បៈក្នុងនាមជាម្ចាស់ពានមួយរូប លីម តិចម៉េង បានកែប្រែវាសនាខ្លួនឯងយ៉ាងខ្លាំងពីជីវិតដែលមានជីវភាពលំបាកប្តូរមកជាមនុស្សមានឈ្មោះបោះសំឡេង មានឡានទំនើប ផ្ទះវីឡាធំទ្រនំខ្ពស់ដែលកើតឡើងពីការខិតខំប្រឺងប្រែងរបស់លោក៕










