ប្រទេសជប៉ុន ៖ អ្នកចូលរួមប្រកួតមកពី២១ប្រទេសនៅទូទាំងពិភពលោក បានចូលរួមក្នុងកម្មវិធីប្រកួត «ប្រមូលសំរាម» លំដាប់ពិភពលោកនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ការប្រកួតប្រមូលសំរាមនេះបានចែកជាក្រុម ហើយក្នុង១ក្រុមមានគ្នា៣នាក់ ដោយពួកគេត្រូវប្រមូលសំរាមឱ្យបានច្រើនបំផុតនៅតាមដងផ្លូវ ដែលត្រូវបានគេកំណត់នៅទីក្រុងតូក្យូ ក្នុងរយៈពេលត្រឹមតែ៩០នាទី ។
អ្នកនាង Beatrice Hernandez ជាអ្នកប្រកួតរើសសំរាមមកពីអាមេរិកនិយាយថា ៖ «យើងធ្វើបានល្អខ្លាំងណាស់ ព្រោះយើងធ្វើការជាក្រុម ហើយព្យាយាមស្វែងរកសំរាម ។ ប៉ុន្តែពេលខ្លះ វាជារឿងពិបាកខ្លាំង ពីព្រោះនៅទីក្រុងតូក្យូ គ្មានសំរាមច្រើនឱ្យយើងរើសទេ ។ ពេលខ្លះ យើងក៏ត្រូវព្យាយាមស្វែងរកកន្ទុយបារីនៅតាមដងផ្លូវផងដែរ» ។
រីឯអ្នកនាង Petra Williams ជាអ្នកប្រកួតរើសសំរាមមកពីអូស្ត្រាលីនិយាយថា ៖ «យើងយល់ថា អ្វីៗគ្រប់យ៉ាងដែលយើងមាន ដូចជា សម្លៀកបំពាក់ និងអគារ គឺសុទ្ធតែបានមកពីព្រះម៉ែធរណីទាំងអស់ ។ ដូច្នេះ យើងចាំបាច់ត្រូវតែការពារវា» ។
ក្រុមរើសសំរាមនីមួយៗអាស្រ័យលើថា តើពួកគេអាចប្រមូលសំរាមបានច្រើនកម្រិតណា ឬរើសបានសំរាមប្រភេទណាខ្លះ ដោយហាមរើសសំរាមនៅក្រៅបរិវេណដែលគេកំណត់ ឬចូលទៅសុំសំរាមក្នុងអគារពាណិជ្ជកម្មផ្សេងៗ ។ នៅពេលប្រមូលសំរាមបានហើយ ពួកគេមានពេលវេលា២០នាទីទៀតដើម្បីបែងចែកសំរាមតាមប្រភេទរបស់វា ដូចជា សំរាមអាចដុតបាន, ដបផ្លាស្ទិកទូទៅ, ដបផ្លាស្ទិកអាចកែច្នៃប្រើឡើងវិញបាន, កំប៉ុងលោហៈ, កន្ទុយបារី និងសំរាមផ្សេងទៀត ។
ចំពោះក្រុមទទួលបានជ័យជម្នះ គឺក្រុមមកពីប្រទេសអង់គ្លេស ដោយពួកគេទទួលបានពិន្ទុច្រើនរហូតដល់៩.០៤៦ពិន្ទុ សម្រាប់សំរាមទាំងអស់ដែលមានទម្ងន់៥៧.២៧គីឡូក្រាម ។ ការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកនេះ មានឈ្មោះថា SopoGomi គឺជាការរួមបញ្ចូលពាក្យរបស់ភាសាជប៉ុនថា «កីឡា និងសំរាម» ។
អង្គការសប្បុរសធម៌ The Nippon បានចាប់ផ្តើមធ្វើកម្មវិធីប្រកួតនេះតាំងពីឆ្នាំ២០០៨ មកម៉្លេះ ដើម្បីឱ្យមនុស្សនៅទូទាំងប្រទេសយល់ដឹងអំពីសារសំខាន់នៃការការពារបរិស្ថាន និងកាត់បន្ថយសំរាមក្នុងមហាសមុទ្រ ។ ចំណែកការប្រកួតប្រមូលសំរាមលំដាប់ពិភពលោកលើកក្រោយទៀត នឹងរៀបចំឡើងទីក្រុងតូក្យូ នៅឆ្នាំ២០២៥ ហើយគេរំពឹងថា នឹងមានអ្នកចូលរួមប្រមូលសំរាមច្រើនជាងពេលនេះទៀត ៕










