ព្រះនាងនរោត្តម ជេនណា និង ឌៀប សុហ្វៀរ៉ា លំដាប់រងទី២ Little Miss Junior Idol 2023 ធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរគ្រងឈុតបុរាណដ៏ស្រស់ស្អាតដោយឈុតនេះមានជាប់ទាក់ទងនៅក្នុងសង្គមខ្មែរពីព្រេងនិទានសត្វនាគ។
តាមការបញ្ជាក់នៅលើបណ្តាញសង្គមរបស់ព្រះនាងតូច ជេនណា បានរៀបរាប់ថា «នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទងនិងសត្វនាគជាច្រើន បណ្តាលឱ្យប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេមេគង្គ ឬ នៅឋានភូជង្គនាគ។ តាមការនិទាន ស្តេចនាគ មានខ្លួនធំ មានស្រកា ដូចត្រីនិងមានច្រើនពណ៌ភ្លឺអាស្រ័យទៅលើបារមី ហើយថែមទាំងអាចនិម្មិតកាយជាមនុស្សឬទេវតាមានរូបរាងស្រស់ស្អាត និងត្រូវបានគេចាត់ទុកថាជាទេវតានៅជាន់ទី១ និង នៅក្នុងចតុមហារាជការដែលផ្តល់នូវភាពត្រជាក់ត្រជុំក្សេមក្សាន្ត»។
ព្រះនាងបន្តទៀតថា «រឿងរ៉ាវនាគនេះផងដែរគឺមានការពាក់ព័ន្ធនិងប្រវត្តិសាស្ត្រ ខ្មែរយើងតាំងពីដើមរៀងមកទាំងក្នុងជីវភាពប្រចាំថ្ងៃ រឿងព្រេងបែបប្រវត្តិសាស្រ្តនៃការកកើតទឹកដីខ្មែរ និងសំណង់ស្ថាបត្យកម្ម បទភ្លេង របាំ និងអត្តចរិកជាជនជាតិខ្មែរដែលមានភាពថ្លៃថ្នូររឹងមាំមិនទន់ជ្រាយតែមិនចុះចាញ់ និងមានចិត្តល្អ»។
ព្រះនាងតូច ជេនណា ជាសិល្បការិនីវ័យក្មេងដែលមានសន្ទុះគាំទ្រយ៉ាងច្រើនពីមហាជន ដោយសារទ្រង់មានទេពកោល្យច្រើនក្នុងវិស័យសិល្បៈមិនថាទម្រង់បុរាណឬសម័យ ច្រៀងឬការសម្តែងឡើយ ទ្រង់អាចធ្វើបានទាំងអស់ និងចេះភាសាបរទេសច្រើនភាសាព្រមទាំងមានសម្រស់ស្រស់ស្អាតខ្លាំង។
ចំណែកឯ ឌៀប សុហ្វៀរ៉ា បានប្រកួតឈ្នះជ័យលាភីឯកក្នុងកម្មវិធី Miss Preteen International Cambodia 2022 និងបានតំណាងកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិនៅប្រទេសថៃក្នុងកម្មវិធី Little Miss Junior Idol 2023 ដោយបានជាប់ជ័យលាភីលំដាប់រងទី២៕










