ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនជនបរទេសអង្គុយសុំទាននៅមុខហាងល្បីនៅកណ្តាលទីក្រុងបាងកក ក្នុងនោះមានស្ត្រីជនជាតិចិនត្រូវបានគេកាត់ម្រាមដៃទាំងសងខាង ហើយផ្ទៃមុខរបស់នាងមានស្នាមខូចដោយសារទឹកអាស៊ីត ។ ស្ត្រីចិនរូបនេះប្រាប់ថា ពួកនាងមានគ្នាសរុប៦នាក់ គឺម្នាក់ៗទទួលបានប្រាក់ចំនួន១ម៉ឺនបាតក្នុង១ថ្ងៃ ហើយអ្នកសុំទានទាំងអស់អាចរកប្រាក់បានរហូតដល់១លាន៨សែនបាត ។
លោក Kanthat Pongpaiboonwet (ឬហៅថា កាន់ ចមផ្លាំង) ជាបុគ្គលល្បីឈ្មោះនៅប្រទេសថៃ បានសហការជាមួយមន្ត្រីអភិវឌ្ឍន៍សង្គម និងសន្តិសុខ ព្រមទាំងកងកម្លាំងប៉ូលិសចុះត្រួតពិនិត្យនៅបរិវេណមុខហាងលក់ទំនិញល្បីឈ្មោះមួយកន្លែងនៅតំបន់ប៉ិនក្លោ ក្រោយពីទទួលបានព័ត៌មានថា មានស្ត្រីចិនត្រូវបានគេកាត់ម្រាមទាំងសងខាង និងត្រូវគេយកទឹកអាស៊ីតស្រោចលើផ្ទៃមុខរហូតដល់ដំបៅ មកអង្គុយសុំទាននៅបរិវេណនេះ ។ ប៉ុន្តែនៅពេលប៉ូលិសទៅដល់ នាងហាក់ដឹងខ្លួនមុន និងបានរត់គេចទៅលាក់ខ្លួនក្នុងបន្ទប់ទឹករបស់ហាង ហើយប៉ូលិសក៏បានចូលទៅចាប់នាងចេញមក ។![]()
តាមរយៈការត្រួតពិនិត្យក្នុងកាបូបក្រណាត់ ប៉ូលិសបានប្រទះឃើញក្រដាសប្រាក់ថៃ ហើយភាគច្រើនជាក្រដាសប្រាក់២០បាតជិតពេញកាបូប ។ ដូច្នេះ ប៉ូលិសសន្និដ្ឋានថា ប្រាក់ទាំងនេះបានមកពីការអង្គុយសុំទានពេញ១ថ្ងៃ ហើយក្នុងកាបូបមានប្រាក់មិនក្រោម១ម៉ឺនបាត ។ ប៉ុន្តែប៉ូលិសរកមិនឃើញលិខិតធ្វើដំណើររបស់ស្ត្រីសុំទានចិនទេ ។
លោក Kanthat Pongpaiboonwet លើកឡើងថា មានពលរដ្ឋថៃផ្តល់ព័ត៌មានថា មានស្ត្រីដាច់ម្រាមដៃទាំងសងខាង ហើយផ្ទៃមុខរបស់នាងមានស្នាមខូចដោយសារទឹកអាស៊ីត បានមកអង្គុយសុំទាននៅមុខហាងមួយកន្លែងក្នុងតំបន់ផាយ៉ាថៃ ។ ដូច្នេះ លោកក៏បានទៅសាកសួរ តែនាងមិនឆ្លើយតប និងមិនផ្តល់ព័ត៌មានអ្វីទាំងអស់ ទើបលោកទំនាក់ទំនងទៅកាន់ប៉ូលិសថៃឱ្យចុះមកពិនិត្យ ។![]()
លោកបន្តថា ករណីនេះស្រដៀងគ្នានឹងករណីមុន ដែលប៉ូលិសថៃទើបចាប់ខ្លួនក្រុមអ្នកសុំទានបរទេស ។ ជនជាតិចិនមកអង្គុយសុំទាននៅប្រទេសថៃ ពួកគេមានអាយុប្រមាណជាង៤០ឆ្នាំ ហើយពួកគេនឹងស្លៀកពាក់ឯកសណ្ឋានសិស្ស ឬនិស្សិត ព្រោះចង់ឱ្យមនុស្សទូទៅដែលឆ្លងកាត់បរិវេណនេះឃើញហើយអាណិត ។ ការចុះត្រួតពិនិត្យនេះ មានស្ត្រីថៃម្នាក់អះអាងថា នាងជាអ្នកបកប្រែរបស់អ្នកសុំទានចិនទាំងអស់ ហើយនាងសុំដោះស្រាយរឿងនេះជាមួយប៉ូលិស ។ នាងសួរថា តើនាងត្រូវចំណាយប្រាក់ប៉ុន្មានឱ្យប៉ូលិស ទើបប៉ូលិសព្រមដោះលែងពួកគេ? ប៉ុន្តែប៉ូលិសមិនបានដោះលែងទេ ។
ជនជាតិចិនមកអង្គុយសុំទានមានគ្នាសរុបចំនួន៦នាក់ ហើយម្នាក់ៗអាចសុំទានបានប្រាក់ជាង១ម៉ឺន៤រយបាតក្នុង១ថ្ងៃ ។ ហេតុនេះ ប្រាក់បានមកពីការសុំទានសរុបរបស់ពួកគេ គឺជាមធ្យមស្មើនឹង១លាន៨សែនបាត ។ តើអ្នកណាជាអ្នកកាន់កាប់ប្រាក់ទាំងអស់នេះ? ប៉ូលិសសន្និដ្ឋានថា វាជាករណីជួញដូរមនុស្ស ដោយសាររាងកាយអ្នកសុំទានមានសភាពខុសធម្មតាជាច្រើនកន្លែង ។
រីឯអាជីវករលក់នំនៅមុខហាងប្រាប់ថា ខ្លួនបានលក់នំនៅទីនេះអស់ជិត១០ឆ្នាំ ។ កាលពីដើមឆ្នាំ២០២៣ មានអ្នកសុំទានស្លៀកពាក់ឯកសណ្ឋានសិស្ស ឬនិស្សិតថៃ មកអង្គុយសុំទាននៅតាមកន្លែងផ្សេងៗតាំងពីព្រឹក រហូតដល់ព្រលប់ ហើយមានអ្នកដើរកាត់អាណិតឱ្យប្រាក់ពួកគេជាប្រចាំ ។
ក្រោយមក ស្ត្រីអ្នកសុំទានចិនទទួលស្គាល់ថា នាងបានស្ម័គ្រចិត្តមកសុំទានដោយខ្លួនឯង ។ ប៉ុន្តែនៅពីក្រោយខ្នង នាងអាចត្រូវបានគេបង្ខំក៏ថាបាន ព្រោះនាងខ្លាចក្រុមគ្រួសារមានគ្រោះថ្នាក់ ទើបនាងមិនហ៊ានប្រាប់អ្វីដល់ប៉ូលិស ។ ចំណុចមួយទៀតគួរឱ្យសង្ស័យ តើជនជាតិចិនទាំងនេះដឹងដោយរបៀបណាថា ត្រូវអង្គុយសុំទាននៅកន្លែងណាដើម្បីឱ្យទទួលបានប្រាក់ច្រើន ។ វាត្រូវតែមានមនុស្សនាំមកពួកគេទៅសុំទាននៅកន្លែងណាមួយ ហើយរង់ចាំតាមដាន ។ បច្ចុប្បន្ន ប៉ូលិសបានចាប់ខ្លួនស្ត្រីអ្នកសុំទានចិនមកសាកសួរនៅប៉ុស្តិ៍ប៉ូលិស ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ប្រភព ៖ pptv hd










