ប្រជាជនឥណ្ឌាជឿថាការអនុញ្ញាតឱ្យគោជាន់លើមនុស្សក្នុងពិធីបុណ្យភ្លើង Diwali នឹងនាំមកនូវសំណាងល្អពេញមួយឆ្នាំ។
ប្រពៃណីនេះបានកើតឡើងនៅក្នុងភូមិ Bhidavad រដ្ឋ Madhya Pradesh ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែវិច្ឆិកា ត្រូវបានចាត់ទុកថាប្លែក និងចម្លែកដោយមានអ្នកទេសចរជាច្រើនជុំវិញពិភពលោកចូលរួមទស្សនាផងដែរ។ នៅក្នុងពិធីបុណ្យនោះ តម្រូវឱ្យមនុស្សដេកនឹងដីរួចឱ្យគោរាប់សិបក្បាលជាន់លើមនុស្ស ដោយគេជឿថាព្រះចំនួន ៣៣០ លានរស់នៅក្នុងសត្វគោ ដូច្នេះអ្នកដែលសត្វគោនោះជាន់នឹងទទួលបានពរជ័យពីព្រះ។ មនុស្សជាច្រើនមានការព្រួយបារម្ភអំពីការខ្វះសុវត្ថិភាពនៅពេលដែលសត្វគោដើរជាន់លើមនុស្ស។ ទោះជាយ៉ាងក៏ដោយ រហូតមកទល់នឹងពេលនេះ ពុំមានអ្នកណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ នេះបើយោងតាមប្រជាពលរដ្ឋមូលដ្ឋានរបស់ប្រទេសឥណ្ឌា។
មួយវិញទៀត អ្នកដែលចូលរួមក្នុងទំនៀមទំលាប់នេះ ត្រូវតែគោរពពិធីដ៏តឹងរ៉ឹង គឺការតមអាហាររយៈពេលប្រាំថ្ងៃ ហើយមួយថ្ងៃមុនពិធីបុណ្យនេះត្រូវតែស្នាក់នៅប្រាសាទភូមិពេញមួយយប់។ នៅថ្ងៃបន្ទាប់ពីពិធីបូជាព្រះហើយ ប្រជាជននឹងវាយស្គរ រួចដើរតាមផ្លូវដើម្បីបង្កើតបរិយាកាសរស់រវើកពេញភូមិ។ ក្នុងអំឡុងពេលនោះសត្វគោនៅក្នុងភូមិនឹងត្រូវបានប្រមូលផ្តុំទុកមួយកន្លែងជាការបញ្ចប់កម្មពិធីបុណ្យ។
Diwali នៅក្នុងប្រទេសឥណ្ឌា គឺជាថ្ងៃបុណ្យជាតិ ដែលត្រូវបានគេស្គាល់ថាជាពិធីបុណ្យនៃពន្លឺ ដោយសារតែមនុស្សមានទំនៀមទម្លាប់នៃការបំភ្លឺចង្កៀងប្រេងជាមួយនឹង wicks (dipa) ដើម្បីអបអរសាទរជ័យជំនះរបស់ Lord Krishna លើ Narakasura ដែលជានិមិត្តរូបនៃការយកឈ្នះអំពើអាក្រក់។ នៅរាត្រី Diwali អ្នកកាន់សាសនាហិណ្ឌូស្លៀកសំលៀកបំពាក់ដ៏ល្អបំផុតរបស់ពួកគេ និងបំភ្លឺចង្កៀងខាងក្នុង និងខាងក្រៅផ្ទះរបស់ពួកគេ។ សមាជិកគ្រួសារ និងមិត្តភក្តិជិតស្និទ្ធតែងតែប្រាស្រ័យទាក់ទងគ្នា និងផ្តល់អំណោយដល់គ្នាទៅវិញទៅមកក្នុងថ្ងៃនេះ។ នៅពេលល្ងាច ពួកគេនឹងធ្វើពិធីបួងសួងឯកជនដល់ព្រះនាង Lakshmi ដែលជានិមិត្តរូបនៃសំណាងល្អ និងភាពរុងរឿង។ ពិធីបុណ្យនេះជាធម្មតាមានរយៈពេល ៥ ថ្ងៃដោយទាក់ទាញអ្នកទស្សនារាប់លាននាក់ជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ដែរថា នៅឆ្នាំនេះ ប្រជាជនឥណ្ឌាបាននាំគ្នាទៅច្រាំងទន្លេ Saryu នៅយប់ថ្ងៃទី ១១ ខែវិច្ឆិកា ក្នុងរដ្ឋ Ayodhya ដើម្បីបំភ្លឺចង្កៀងប្រេងកាតជាង ២.២ លាន ដែលបានបង្កើតកំណត់ត្រាហ្គីណេសសម្រាប់ចំនួនចង្កៀងច្រើនជាងគេបំផុតក្នុងពិធីបុណ្យភ្លើងនេះ៕










