Vietiane ៖ កាលពីថ្ងៃពីថ្ងៃទី១៧ខែវិច្ឆិកានេះ យោងតាមរបាយការណ៍ចេញផ្សាយដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មជាតិឡាវបានឲ្យដឹងថា បច្ចុប្បន្ននេះ សេវាកម្មក៏ដូចជាការលក់ទំនិញតាមអនឡាញនៅប្រទេសឡាវកំពុងតែមានការកើនឡើងជាបន្តបន្ទាប់ ខណៈរដ្ឋាភិបាលឡាវក៏បានចេញនូវសេចក្តីប្រកាសពីការជំរុញពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-commerce) ដែលជាយុទ្ធសាស្ត្រមួយក្នុងគម្រោងអភិវឌ្ឍន៍របស់ខ្លួនសម្រាប់ឆ្នាំ ២០១៦-២០២៥។
លោក Latthana Douangboupha អគ្គនាយករងនៃនាយកដ្ឋានជំរុញសហគ្រាសធុនតូចនិងមធ្យម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បាននិយាយនៅក្នុងសិក្ខាសាលាមួយនៅរដ្ឋធានីវៀងចន្ទន៍នាឡាវថា រដ្ឋាភិបាលឡាវបានធ្វើការលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម (Small and Medium Enterprises) ហើយកំណត់ជាគោលដៅអាទិភាពមួយរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។
សិក្ខាសាលានេះបានផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍គោលនយោបាយពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការអនុវត្តយុទ្ធសាស្រ្តសម្រាប់ការពង្រឹងសហគ្រាសធុនតូច និងមធ្យមនៅប្រទេសឡាវក្នុងយុគសម័យឌីជីថល។ ជាមួយគ្នានេះ តំណាងក្រុមហ៊ុនមួយចំនួននៅប្រទេសឡាវក៏បានចូលរួមក្នុងសិក្ខាសាលានេះដែរ ដើម្បីស្វែងយល់ និងចែករំលែកបទពិសោធន៍ក្នុងការលក់តាមអនឡាញ ក៏ដូចជាការធ្វើអាជីវកម្មឌីជីថលសម្រាប់ការអភិវឌ្ឍន៍សហគ្រាសរបស់ពួកគេ និងដើម្បីប្រកួតប្រជែងជាមួយអាជីវកម្មក្នុងតំបន់។
លោកក៏បានបន្តទៀតថា ទោះបីជាសហគ្រាសធុនតូច និងមធ្យមជាច្រើនកំពុងប្រើប្រាស់ប្រព័ន្ធ e-commerce សម្រាប់ការលក់ និងការគ្រប់គ្រងអាជីវកម្មក៏ដោយ ក៏នៅមានផែនការអភិវឌ្ឍន៍ និងកែលម្អសម្រាប់ប្រតិបត្តិការអាជីវកម្មឌីជីថលឲ្យបានជោគជ័យបន្ថែមទៀត ដែលគួរតែត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលផងដែរ។
ម៉្យាងវិញទៀត ការចែករំលែកបទពិសោធន៍និងការរៀនសូត្រពីសិក្ខាសាលានេះ នឹងជួយអភិវឌ្ឍអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាពង្រឹងពួកគេឲ្យមានសមត្ថភាពដើម្បីប្រកួតប្រជែងជាមួយធុរកិច្ចនៅក្រៅប្រទេស។
ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះកំពុងកើនឡើងនៅក្នុងប្រទេសឡាវ។ រដ្ឋាភិបាលឡាវយល់យ៉ាងច្បាស់ពីតម្រូវការរបស់អ្នកវិនិយោគ និងបានចេញបទបញ្ញាត្តិថ្មីមួយផងដែរដើម្បីគាំទ្រដល់ភាពប្រសើរឡើងនៃរបៀបធ្វើអាជីវកម្មថ្មីសម័យទំនើប។ បទបញ្ញាត្តិនេះក៏នាំឱ្យមានទំនុកចិត្តកាន់តែខ្លាំងក្នុងចំណោមពាណិជ្ជករ និងអ្នកប្រើប្រាស់ទាក់ទងនឹងប្រតិបត្តិការឌីជីថល។
យ៉ាងណាមិញ វានៅតែទាមទារឲ្យមានការអភិវឌ្ឍលើវិស័យផ្សេងៗដែលពាក់ព័ន្ធជាមួយនឹងការធ្វើពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសឡាវផងដែរ និងដើម្បីបង្កើនសក្តានុពលនៃរបៀបធ្វើអាជីវកម្មថ្មីនេះ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលឡាវបានអនុម័តច្បាប់ស្តីពីប្រតិបត្តិការអេឡិចត្រូនិកក្នុងឆ្នាំ ២០១២ និងចេញនូវក្រឹត្យស្តីពីពាណិជ្ជកម្មអេឡិចត្រូនិកក្នុងឆ្នាំ ២០២១។ វាបានផ្តោតសំខាន់ទៅលើមធ្យោបាយជំរុញកំណើនសេដ្ឋកិច្ច និងបង្កើនប្រាក់ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញផងដែរ៕ Xinhua










