ប្រទេសឡាវ ៖ អាកាសយានដ្ឋានអន្តរជាតិថ្មីដែលស្ថិតនៅខេត្តបរកែវ (Bokeo) ភាគខាងជើងប្រទេសឡាវ នឹងត្រៀមបើកដំណើរការនៅចុងឆ្នាំ២០២៣ នេះ ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិបរកែវ បានវិនិយោគក្នុងទឹកប្រាក់សរុបចំនួន១៧៥លានដុល្លារអាមេរិក ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន Greater Bay Area Investment and Development ។
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងខែកញ្ញា ឆ្នាំ២០២០ ហើយចាប់ពីពេលនោះមក គម្រោងសាងសង់បានវិវឌ្ឍន៍ទៅមុខជាលំដាប់ ក្នុងនោះបានបញ្ចប់ការសាងសង់ផ្លូវ Runway និងព្រលានសម្រាប់ឱ្យយន្តហោះចុះចត ។ បច្ចុប្បន្ន នៅក្នុងអាកាសយានដ្ឋានថ្មី នៅសល់តែការតុបតែងលម្អផ្សេងៗ ដូចជា ការរៀបចំផ្នែកខាងក្នុង និងការដាក់សម្ភារៈចាំបាច់សម្រាប់ផ្តល់ភាពងាយស្រួលមួយចំនួន ។
អាកាសយានដ្ឋាន «បរកែវ» របស់ឡាវមានទីតាំងស្ថិតនៅចំណុចយុទ្ធសាស្ត្រជិតតំបន់សេដ្ឋកិច្ចពិសេសត្រីកោណមាស ហើយអាកាសយានដ្ឋានថ្មីនឹងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងចំនួនច្រើន ជាពិសេស ភ្ញៀវទេសចរចិន ។ អាកាសយានដ្ឋាននេះសាងសង់ឡើងដើម្បីឱ្យយន្តហោះធំៗអាចចុះចតបាន ដូចជា Boeing 747 និង Airbus 320 ដោយរដ្ឋាភិបាលឡាវបានផ្តល់សិទ្ធិឱ្យវិស័យឯកជនសាងសង់ រចនាម៉ូដ និងគ្រប់គ្រងសេវាកម្ម (BOT) ជាមួយសម្បទានរយៈពេល៥០ឆ្នាំ ។
ទោះយ៉ាងណា នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋាននេះនឹងចាប់ផ្តើមដំណើរការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តនៅប្រទេសឡាវ នាចុងឆ្នាំ២០២៣ ។ នេះចាត់ទុកថា គឺជាការបោះជំហានទៅមុខដ៏សំខាន់សម្រាប់ខេត្តបរកែវ ប្រទេសឡាវ ព្រមទាំងជាការតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសនានាក្នុងតំបន់ ក៏ដូចជាពិភពលោកផងដែរ ៕
ប្រភព ៖ AEC connect










