បរទេស៖ យោងតាមប្រភពព័ត៌មាន Interesting Engineering ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែតុលាថា រដ្ឋាភិបាល UAE កំពុងពិចារណាសាងសង់រថភ្លើងល្បឿនលឿន ក្នុងគោលបំណងកាត់បន្ថយពេលវេលា ដោយក្រុមហ៊ុនមានគម្រោងតភ្ជាប់សមុទ្រអារ៉ាប់ជាមួយទីក្រុង Mumbai ប្រទេសឥណ្ឌា។
ដូច្នេះ អ្នកដែលធ្វើដំណើរពី Mumbai ទៅ United Arab Emirates (UAE) នាពេលអនាគតអាចជ្រើសរើសមធ្យោបាយដឹកជញ្ជូនដោយរថភ្លើងឆ្លងកាត់សមុទ្រជំនួសឱ្យការហោះហើរ។ គម្រោងនេះមិនត្រឹមតែបម្រើអ្នកដំណើរដែលចង់ផ្លាស់ប្តូរផ្លូវធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រីកពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌាផងដែរ។ 
សហព័ន្ធអារ៉ាប់រួមរំពឹងថា រថភ្លើងឆ្លងកាត់សមុទ្ររបស់ខ្លួនអាចរត់ក្នុងល្បឿនរហូតដល់ ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈដែលចម្ងាយរវាងទីតាំងទាំងពីរគឺតិចជាង ២,០០០ គីឡូម៉ែត្រ។ ប៉ុន្តែការសាងសង់នៅក្នុងទឹកជ្រៅគឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ក្នុងការត្រួសត្រាយផ្លូវរូងក្រោមដីដោយឥដ្ឋស្រអាប់ ហើយគម្រោងនេះក៏ទាមទារទុនវិនិយោគច្រើនផងដែរ យ៉ាងហោចណាស់ក៏រាប់ពាន់លានដុល្លារអាមេរិក។ ទោះជាយ៉ាណាក៏ដោយ បច្ចុប្បន្នក្រុមហ៊ុន National Advisor Bureau Limited នៅក្នុង UAE ក៏កំពុងពិចារណាលើគម្រោងបែបនេះ និងធ្វើរបាយការណ៍លទ្ធភាពច្បាស់លាស់មួយ។

គួរបញ្ជាក់ដែរថា សហព័ន្ធអារ៉ាប់រួមមានភាពល្បីល្បាញសម្រាប់គម្រោងខ្នាតធំដូចជាអគារខ្ពស់កប់ពពករបស់ពិភពលោក និងកោះ Palm Islands ដែលសាងសង់នៅឆ្នេរសមុទ្រឌូបៃ។ ហេតុនេះហើយ នៅក្នុងគម្រោងធំបន្ទាប់ UAE នឹងស្វែងរកការឆ្លងកាត់សមុទ្រអារ៉ាប់ ដោយភ្ជាប់រដ្ឋធានីហិរញ្ញវត្ថុរបស់ឥណ្ឌា Mumbai ជាមួយទីក្រុងកំពង់ផែ Fujairah របស់ខ្លួន។ ផែនការនេះត្រូវបានណែនាំជាលើកដំបូងនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែវាមិនទាន់ដល់ពេលនោះទេ ដោយថ្មីៗនេះ UAE ទើបតែបានស្វែងរកការលើកកម្ពស់ការសាងសង់បន្ថែម៕











