កុមារីម្នាក់អាយុ២ឆាំ្នដែលមានទីលំនៅក្នុងភូមិ ឆ្មាលោត ឃុំស្នឹងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែងបានស្លាប់និងត្រូវបានបញ្ជាក់ថាវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៣។ តាមការ សាកសួរ បង្ហាញថា នៅផ្ទះកុមារមានមាន់ងាប់ជាហូរហែរ។ នេះបើតាមការសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី៩ តុលា ។
ករណីដែលកុមារីបានស្លាប់នេះ គឺជាករណីផ្ដាសាយបក្សីទី៥៩ (ស្លាប់៤០នាក់) ដែលកើតមានលើមនុស្សចាប់តាំងពីឆ្នាំ ២០០៥ ហើយនេះជាករណីទី៣ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី៨ តុលា ក្រសួងបានប្រកាសបុរសម្នាក់អាយុ៥០ឆ្នាំ មានទីលំនៅនៅខេត្តស្វាយរៀងក៏បានបាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីនេះផងដែរ។
ជាមួយគ្នានេះ ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេតស្រាវជ្រាវការកើតឡើងនូវជំងឺផ្តាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយ តបទៅតាមវិធីសាស្ត្រ និងពិធីសាររបស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ផ្នែកសុខាភិបាល ស្វែង រកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លង បន្តទៅអ្នកដទៃទៀត ក្នុងសហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្លូ(Tamiflu)ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាលបានក្រើនរំលឹកសាជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕











